ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំចេញសេចក្ដីណែនាំ​ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានចេញពីសេចក្តីណែនាំ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ​​ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន អំឡុងពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ នេះបើយោងតាម​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

​សេចក្តីណែនាំនេះ បានបញ្ជាក់ថា ​គណៈមេប្រយោគទូទាំងប្រទេស ត្រូវចាត់តាំងអនុគណៈកម្មការទទួលបន្ទុកការងារសុខ តួនាទី និងភារកិច្ច​ ទទួលបន្ទុកការងារសុខភាព ​តាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុងការរៀបចំមណ្ឌលសំណេរ មណ្ឌលកំណែ និងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ តាមដាន និងវាយតម្លៃលើដំណើរការអនុវត្តវិធានសុខភាព និងសុវត្ថិភាពចំពោះបេក្ខជន គណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធក្នុងដំណើរការប្រឡង

ឆ្លើយតបចំពោះសំណើ និងរាល់បាតុភាពនៃការលេចឡើង ករណីសង្ស័យពាក់ព័ន្ធបញ្ហាសុខភាព សាធារណៈនៅតាមមណ្ឌលសំណេរ មណ្ឌលកំណែ និងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និង ផ្ទៀងផ្ទាត់ស្នើសុំកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារសុខាភិបាល ដើម្បីចាត់វិធានការសង្គ្រោះ និងវិធានការ សុវត្ថិភាពស្របតាមវិធានវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល នៅក្នុងដំណាក់កាលសំណេរ កំណែ និងដំណាក់កាលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។

ទន្ទឹមគ្នានេះត្រូវបូកសរុបរបាយការណ៍អំពីករណីសង្ស័យ និងការដាក់ចេញនូវវិធានការឆ្លើយតបចំពោះការផ្ទុះឡើង នៃជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលដំណើរការប្រឡង ព្រមទាំងរាយការណ៍ និងសុំការសម្រេចពីគណៈមេប្រយោគទូទាំងប្រទេស ក្នុងករណីចាំបាច់។

​គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារទទួលបន្ទុកសុខភាព សម្រាប់ដំណើរការប្រឡងនៅតាមរាជធានី ខេត្ត ដោយមានសមាសភាពចូលរួមពីតំណាង០១រូប នៃគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬ តំណាងមន្ត្រីសុខាភិបាល និងអង្គភាពពាក់ព័ន្ធ៕

សូមអាន​សេចក្តីណែនាំ​លម្អិត​របស់ក្រសួងអប់រំ​ យុវជន​និង​កីឡា​ ខាងក្រោមនេះ​៖


ចែករំលែក៖