ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តកោះកុងដឹកនាំកម្លាំងបង្ក្រាបករណីលួចដឹកគ្រឿងសមុទ្រជាង១០តោន ពីប្រទេសថៃដោយក្បត់ខ្លួនបុរសខ្មែរម្នាក់និងថៃម្នាក់

ចែករំលែក៖

ខេត្តកោះកុង​ ៖ បុរសជនជាតិខ្មែរម្នាក់ និងម្នាក់ទៀតជាជនជាតិថៃ ត្រូវបានសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន បន្ទាប់ពីពួកគេព្យាយាមលួចដឹកគ្រឿងសមុទ្រតាមទូកពីប្រទេសថៃ ចូលមកទឹកដីនៃប្រទេសកម្ពុជា កាលពីម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៥ នៅចំណុចព្រែកកោះយ៉។

លោក ទៀ សុរៈឆ័យ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យការដឹកទំនិញ ក្នុងភូមិសាស្ត្រខេត្ត កោះកុង បានប្រគល់ជនសង្ស័យ និងសម្ភារៈវត្ថុតាងបទល្មើសឱ្យទៅសាខាគយនិងរដ្ឋាករខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសាខាការពារអ្នកប្រើប្រាស់កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ដើម្បីពិនិត្យ និងអនុវត្តនីតិវីធី។ 

ប្រតិបត្តិការនេះធ្វើឡើងដោយ នគរបាលការពារព្រំដែនទឹកលេខ២៦៩ បន្ទប់ពីមានការសង្ស័យ ក៏បានប្រដេញតាមស្ទាក់ឃាត់ទូកប្រភេទកន្ទុយវែង ដឹកជញ្ជូនទំនិញមិនបានបង់ពន្ធគយ ព្រមទាំងធ្វើការចាប់ខ្លួនមនុស្ស ២នាក់ក្នុងនោះទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ឈ្មោះ ឡាន់់ ប៉ែង ជនជាតិថៃ។ ជាលទ្ធផល កម្លាំងជំនាញបានរកឃើញគ្រឿងសមុទ្ទជាច្រើនប្រភេទដូចជា ត្រី សាច់គោ បង្កក មឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង សរុបជាង១០តោន។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចគយ និងរដ្ឋាករខេត្ត មិនបានយកវត្ថុតាងល្មើសច្បាប់នេះ ទៅដុតកម្ទេចចោល ដូចខេត្តផ្សេងៗនោះទេ គឺគ្រាន់តែធ្វើការពិន័យ តាមច្បាប់អន្តរកាលប៉ុណ្ណោះ។ ករណីនេះ ធ្វើឱ្យមហា ជនហាក់មានងឿងឆ្ងល់ ថាតើការអនុវត្តនិតិវិធីរបស់ គយ ខេត្តកោះកុង មិនយកទៅដុកម្ទេចចោលនេះ អាចផ្តល់ផលប៉ះពាល់ សុខភាព អ្នកប្រើប្រាស់ និងអ្នកបរិភោបបែបណាទៅ។ 

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានរដ្ឋបាលខេត្តកោះកុង សម្រេចប្រគល់ជូនមន្រ្តីសមត្ថកិច្ចគយ និងរដ្ឋាករខេត្ត សហការជាមួយ ក.ប.ប ខេត្ត រួមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបន្តនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យអនុវត្តច្បាប់ជាធរមាន៕


ចែករំលែក៖