មូលនិធិសម្រាប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើងត្រូវបានគេដឹងថា បានមកពី ការរកស៊ីជាមួយចិននៅគ្រប់វិស័យក្នុងនោះមានវិស័យកសិកម្មជាដើមដែលជា ប្រភពចំណូលដ៏សំខាន់សម្រាប់កូរ៉េខាងជើងសម្រេចនូវកម្មវិធីបរមាណូរបស់ខ្លួន។
បើចិនចង់ចាក់សោកម្មវិធីបរមាណូកូរ៉េខាងជើងជារឿងងាយស្រួលបំផុតដោយគ្រាន់តែផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច។ ប៉ុន្តែ ចិនបានដឹងយ៉ាងច្បាស់ពីសត្រូវរបស់ខ្លួនទាំងនោះហើយបានជាទុកឱកាសដល់កូរ៉េខាងជើងដើម្បីគំរាមកំហែងអាមេរិកជំនួសខ្លួន។
អាចនិយាយបានថា កូនសោកម្មវិធី បរមាណូរបស់កូរ៉េខាងជើងគឺនៅក្នុងដៃ ប្រទេសចិន ហើយបើចិនមិនបិទភ្នែកទេនោះកូរ៉េខាងជើងមិនអាចបន្តកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលបានឡើយ។ សេដ្ឋកិច្ចកូរ៉េខាងជើងអាស្រ័យភាគច្រើនទៅលើប្រទេសចិនការនាំចេញ៨០ភាគរយ រាល់ទំនិញរបស់កូរ៉េខាងជើងគឺទៅប្រទេស ចិន។
កូរ៉េខាងជើងនិងអុីរ៉ង់បានបន្ដកម្មវិធីបរមាណូធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាង ខ្លាំង។ ថាតើឥទ្ធិពលរបស់ចិនមានជម្រៅប៉ុនណានៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសកំពុងតែបង្កើតកម្មវិធីបរមាណូនោះ រហូតមកទល់ពេលនេះនៅតែជាសំណួរ មិនទាន់រកចម្លើយឃើញនៅឡើយ។
នៅក្នុងមហិច្ឆតាផលិតគ្រាប់បែកបរមាណូពិភពលោកបានយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ប្រទេសចំនួន៣នោះគឺកូរ៉េខាង ជើង អុីរ៉ង់ និងប៉ាគីស្ថាន។ ប្រទេសទាំង ៣ខាងលើទីក្រុងប៉េកាំងមានឥទ្ធិពល យ៉ាងធំធេងទៅលើប្រទេសទាំងនោះ ហើយចិនអាចឆ្លៀតឱកាសនោះបង្កើន ទំនាក់ទំនងជាមួយបណ្ដារដ្ឋាភិបាល ដទៃទៀត។
ចំពោះកូរ៉េខាងជើងសកម្មភាពនៅ ពេលកន្លងមកថ្មីៗបានបង្ហាញយ៉ាងច្បាស់ ពីវិវាទក្នុងទំនាក់ទំនងការបរទេស។ កូរ៉េ ខាងជើងបានសន្យាឱ្យក្រុមសង្កេតការណ៍ អង្គការថាមពលបរមាណូអន្ដរជាតិចូល រួមសង្កេតការណ៍នៅទីនេះ។ មួយទៀត កូរ៉េខាងជើងប្ដេជ្ញាបន្ដបាញ់បង្ហោះផ្កាយ រណបរបស់ខ្លួន។ ចំពោះស្ថានភាពទាំង នោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិននឹងកូរ៉េខាងត្បូងដែលមានតាំងពីយូរលង់ណាស់មកហើយៗមានតែចិនមួយគត់មានឥទ្ធិ ពលគ្រប់គ្រាន់ក្នុងការជ្រៀតជ្រែកទៅលើកម្មវិធីនានារបស់កូរ៉េខាងជើងដើម្បីកំណត់ គោលដៅទំនាក់ទំនងបរទេសរបស់រដ្ឋា ភិបាលទីក្រុងព្យុងយ៉ាង។
ការណ៍ដែលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា សម្រេចធ្វើសហប្រតិបត្ដិ ការជាមួយទីក្រុងប៉េកាំងស្ដីអំពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ពិសេសគឺការបាញ់ បង្ហោះផ្កាយរណបនាពេលខាងមុខបាន បង្ហាញយ៉ាងច្បាស់ថា អាមេរិកបានដឹងពី តួនាទីនិងឥទ្ធិពលរបស់ចិននៅក្នុងស្ថាន ភាពទាំងនោះដោយទីក្រុងវ៉ាស៊ីនតោន យល់ឃើញថា ទីក្រុងប៉េកាំងជាអ្នកកាន់ កូនសោនៅក្នុងស្ថានភាពបច្ចុប្បន្ន។
គោលនយោបាយយោធារបស់អាមេរិក ត្រូវការវត្ដមានរបស់ចិនជាចាំបាច់។ អាមេ រិកអាចផ្ដល់ស្បៀងអាហារដើម្បី ធ្វើឱ្យស្ថានភាពទំនាក់ទំនងល្អប្រសើរឡើងក្នុងរយៈ ពេលខ្លី ប៉ុន្ដែនាពេលអនាគតចាំបាច់ត្រូវតែកែប្រែទីផ្សារកូរ៉េខាងជើងតាមរយៈការណែនាំនិងវិនិយោគរបស់ចិន។ ពីរចំណុចនេះអាចបញ្ចុះបញ្ចូលមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ឱ្យផ្លាស់ប្ដូរគោលនយោបាយដឹក នាំរបស់ខ្លួន ។
ចំពោះប្រទេសអុីរ៉ង់ក៏ដូច្នោះដែរចិនពិត ជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេស មួយនេះ ដូច្នេះអុីរ៉ង់ចាំបាច់ត្រូវតែស្ដាប់ បង្គាប់ចិនសូម្បីតែរុស្ស៊ីក៏ដូច្នោះដែរ។ ប៉ុន្ដែចិនជាទីផ្សារដ៏សំខាន់ទៅលើផលិតផលថាមពលរបស់អុីរ៉ង់ ទន្ទឹមនឹងនោះចិនក៏ជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាយោធាដ៏សំខាន់ សម្រាប់ប្រទេសអុីរ៉ង់ផងដែរ។
ពេលកន្លងមកថ្មីៗប្រធានាធិបតីអុីរ៉ង់ បានប្រកាសព្រមានលោកខាងលិចដែល បានប្រើប្រាស់នូវពាក្យថា “យើងនិងពួកគេ” ក្នុងនោះបានផ្ដោតទៅលើបណ្ដាប្រទេសលោកខាងលិច ចំណែកយើងក្នុងនោះមានចិននិងរុស្ស៊ីដើរតួនាទីយ៉ាងសំខាន់សម្រាប់ជោគវាសនារបស់អីុរ៉ង់។
ដោយចំណុចចាប់ផ្ដើមចេញពីពាក្យ “យើងនិងពួកគេ” ប្រធានាធិបតីអុីរ៉ង់បានធ្វើព្រងើយចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីន តោន និងការដាក់គំនាបទាំងឡាយពីលោក ខាងលិចនៅពេលដែលចិននៅតែគាំទ្រ អុីរ៉ង់យ៉ាងពេញទំហឹងនោះ។ ប្រសិនបើ ពេលនេះចិនលើកឡើងនូវសំណើណា មួយអុីរ៉ង់ប្រាកដជាត្រូវត្រួតពិនិត្យជាចាំ បាច់និងសន្យាអនុវត្ដក្នុងកម្រិតណាមួយ ជាក់ជាមិនខាន។
មានសញ្ញាផ្សេងទៀតជាច្រើនបង្ហាញ ឱ្យឃើញថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែដាក់សម្ពាធបន្ដិចម្ដងៗលើប្រទេសអុីរ៉ង់តាមរយៈការកាត់បន្ថយនាំចូលប្រេង។ ទាំងនោះជាចំណុចដ៏សំខាន់ជំរុញឱ្យមាន ការផ្លាស់ប្ដូរគោលនយោបាយបរមាណូ របស់អុីរ៉ង់។
កន្លងមកអុីរ៉ង់ហ៊ានពើងទ្រូងប្រឈម នឹងលោកខាងលិច ពិសេសគឺអាមេរិកនិង អុីស្រាអែលដោយសារតែអុីរ៉ង់មានសម្ពន្ធមិត្ដយោធានិងសេដ្ឋកិច្ចដ៏រឹងមាំអមសង ខាងនោះគឺចិននិងរុស្ស៊ី។ ពេលកន្លងមក ប្រទេសមហាអំណាចយោធាទាំង២នៅ លើពិភពលោកមិនបានបោះឆ្នោតអនុប វាទដូចជាក្នុងប្រទេសលីប៊ីនោះឡើយគឺ បានប្រើសិទ្ធិច្រានចោលសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មអុីរ៉ង់តែម្ដង ដូច្នេះអ៊ីរ៉ង់គ្មានអ្វីដែលត្រូវស្ទាក់ស្ទើរខ្លាចរអាលោកខាង លិចនោះឡើយ ។
ចំពោះប្រទេសប៉ាគីស្ថានវិញ ជាករណី មួយផ្សេងទៀតដោយប្រទេសនេះមាន គ្រាប់បែកបរមាណូស្រាប់ហើយនោះ។
នៅក្នុងមហាសន្និបាតស្ដីពីសន្ដិសុខ បរមាណូនៅទីក្រុងសេអ៊ូលពិភពលោក ទាំងមូលនៅតែបន្ដព្រួយបារម្ភពីការរីក សាយភាយអាវុធបរមាណូ ពិសេសគឺប៉ាគី ស្ថាន។ នៅក្នុងទំនាក់ទំនងសម្ពន្ធមិត្ដអាមេ រិកមានភាពទន់ខ្សោយជាងប្រទេសចិនក្នុងការចូលទៅកៀកជ្រៀតជ្រែកផ្ទៃក្នុងណាមួយ។ ប៉ាគីស្ថានបានចាត់ទុកចិនជាសម្ពន្ធ មិត្ដដែលគួរឱ្យទុកចិត្ដបំផុត។
ក្រោយពេលទំនាក់ទំនងរវាងអាមេរិក នឹងប៉ាគីស្ថានប្រឈមមុខតានតឹងដាក់គ្នា ពិសេសគឺក្រោយពេលដែលកម្លាំងទាហាន អាមេរិកបើកការវាយប្រហារសម្លាប់មេដឹក នាំអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន នៅលើ ទឹកដីប៉ាគីស្ថានដោយមិនបានផ្ដល់ដំណឹងជាមុនដល់រដ្ឋាភិបាលប៉ាគីស្ថាននោះ។ ពេលនោះប៉ាគីស្ថានបានកាត់ផ្ដាច់ទំនាក់ ទំនងជាមួយអាមេរិក ហើយអាមេរិកក៏បានប្រកាសកាត់បន្ថយជំនួយយោធាដល់ប៉ាគីស្ថានដែលមានទឹកប្រាក់ប្រមាណ៨០០លានដុល្លារ។ អ្វីដែលប៉ាគីស្ថានយល់ឃើញ ថា ជាសម្ពន្ធមិត្ដគួរឱ្យទុកចិត្ដបំផុតមិនអាចខ្វះបានគឺពេលនោះចិនបានប្រកាសផ្ដល់ ជំនួយយោធាយ៉ាងច្រើនដល់ ប៉ាគីស្ថានក្នុងនោះមានទាំងយន្ដហោះចម្បាំង៥០គ្រឿងផងដែរ។ ដូច្នេះចិនពិតជាមានឥទ្ធិពលយ៉ាង ខ្លាំងទៅលើប្រទេសប៉ាគីស្ថាននៅក្នុង ដំណោះស្រាយផ្សេងៗ ប្រសិនបើចិនបាន ស្នើហើយនោះ។
និយាយរួមចិនកំពុងតែក្ដោបក្ដាប់គន្លឹះដ៏សំខាន់ក្នុងការដោះស្រាយវិបត្ដិផ្សេងៗ ទាំងនៅក្នុងប្រទេសអុីរ៉ង់ កូរ៉េខាងជើង និង ប៉ាគីស្ថាននោះ។ មួយវិញទៀតបើប្រទេសទាំងនោះគ្មានការគាំទ្រពីចិនទេនោះប្រាកដ ជាមិនហ៊ានប្រឈមមុខនោះឡើយដោយ ខ្លាចលទ្ធផលដែលទទួលបានដូចជាមេ ដឹកនាំលីប៊ីកន្លងមក៕ ម៉ែវ សាធី