ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗបបួលគ្នាបង្ហោះម៉ូតូតាមដងផ្លូវបង្កការភ្ញាក់ផ្អើល ត្រូវបានសមត្ថកិច្ចឃាត់ដកហូតម៉ូតូទុក ០៣ខែសិន នៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង÷ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងឃាត់ក្មេងទំនើងបង្ហោះម៉ូតូក្នុងមូលដ្ឋាន២ នាក់ បន្ទាប់ពីពួកគេបបួលគ្នាធ្វើសកម្មភាពអាណាធិបតេយ្យបង្ហោះម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូស្ថិតក្នុងក្រុមទី២៨ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលនិងខឹងក្រោធពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនិងអ្នកភូមិ ពេលឃើញនូវ សកម្មភាព ល្មើ សរបស់ពួកគេហើយបានផ្តល់ព័ត៌មានមកសមត្ថកិច្ច ចេញអន្តរាគមន៍បានទាន់ពេលភ្លាមៗ ។

ពេលសាកសួរគេបានសារភាពថា ពិតជាបានបបួលគ្នាជិះម៉ូតូបង្ហោះប្រាកដមែននៅមូលដ្ឋានខាងលើ ដើម្បីជាការកំសាន្តសប្បាយរបស់ខ្លួនតែប៉ុណ្ណោះ។ 

នៅពេលនេះ សមត្ថកិច្ចបានដកហូតម៉ូតូរក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុក ជាបណ្តោះអាសន្នរយៈពេល ៣ ខែ និងបានហៅអាណាព្យាបាលមកធ្វើលិខិតធានារួចធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់រាល់សកម្មភាព ល្មើសផ្សេងៗ និងយកទៅអប់រំនៅលំនៅឋានវិញរៀងៗខ្លួន៕

 


ចែករំលែក៖