ខេត្តក្រចេះ÷ សមត្ថកិច្ចខេត្តក្រចេះកំពុងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលមួយក្រុម ដែលបានធ្វើសកម្មភាពបាញ់បោះជាច្រើនគ្រាប់ នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃឈើគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់គោយន្តកន្ត្រៃម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃ២នាក់ បានបើកបរដឹកឈើគ្រឿងផ្ទះប្រមាណជាង២០កន្ទុយ ពីចំណុចសណ្ដាយ មកកាន់ភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុវេលាម៉ោង ១១:០០ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអីនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិច ពួកគាត់ក៏ចេញមើល ឃើញមានមនុស្សចំនួន៤ប្រាំនាក់ ដែលមានរថយន្តលុចស៊ីស470 មួយគ្រឿង និងរថយន្តលុចស៊ីស 300 ពណ៌ស១គ្រឿង តែពួកហ៊ានចេញទៅមើលទេ ។
ដោយឡែកប្រភពពីក្រុមជនរងគ្រោះបានឲ្យដឹងថា ពួក គាត់បានដឹកឈើជាង២០កន្ទុយពីចំណុចទីតាំងខាង លើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើត ហេតុ ក្រុមបក្សពួកជនស៊ីវិលមួយក្រុម ជិះរថយន្តម៉ាក lexus 470 ពណ៌ស្ករ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ ២F9979 និងរថយន្តlexus300ពណ៌ស១គ្រឿងទៀតបានធ្វើសកម្មភាពដេញតាមគោយន្តកន្ត្រៃរបស់ខ្លួន ។
ប្រភពបន្តថា ខណះពួកគេដេញតាមក៏បានដកកាំភ្លើង ខ្លី១ដើមនិងកាំភ្លើងវែង១ដើមទៀត ធ្វើសកម្មភាពបាញ់ស្រោចមកលើគោយន្តកន្ត្រៃរបស់ពួកគាត់កំពុងតែធ្វើ ដំណើរនិងស្រែកបញ្ជាឲ្យឈប់ ប៉ុន្តែដោយសារពួកគាត់មានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរបស់ខ្លួន បន្តដំណើរទៅមុខក៏ត្រូវបានក្រុមជនទាំងនោះបើក រថយន្តមកកាក់ពីមុខ ធ្វើឱ្យគោយន្តកន្ត្រៃគេចក្រឡាប់នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏បានរត់គេចខ្លួនបានម្នាក់និងម្នាក់ទៀតក៏ត្រូវបានក្រុមជនស៊ីវិលនោះចាប់វាយនឹងកាំភ្លើងហើយជាន់ក៏វាយខ្នោះ ចាប់ពីម៉ោង ១១យប់រហូតដល់ម៉ោង២រំលងអាធ្រាត្រ ទើបដោះខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះ ទៅដាក់នៅទីតាំងស្នាក់ការរដ្ឋបាលព្រៃឈើរួចក៏បានដោះលែងឲ្យត្រឡប់ទៅនៅឋានវិញ នៅពេលទៀបភ្លឺ ។
ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះកម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅស៊ើបអង្កេតស្រាវជ្រាវពិនិត្យនៅលើទីចំណុចទីតាំងកើតហេតុ ក៏រកឃើញសំបកគ្រាប់កាំភ្លើង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ។
ដោយឡែកប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានឲ្យ ដឹងថាពាក់ព័ន្ធនឹងគោយន្តកន្ត្រៃដឹកឈើខាងលើនោះត្រូវបាន កម្លាំងកូនចៅរបស់ព្រះរាជអាជ្ញា យកទៅផ្ញើទុកនៅថ្នាលបណ្ដុះកូនឈើខ្សា កាលពីយប់មិញ ។ ករណី នេះមិនមែនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអ្នកទៅចាប់នោះទេ ហើយរហូតដល់ម៉ោងនេះក៏មិនទាន់បានប្រគល់ទទួលពីស្ថាប័នណាដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច