ភ្នំពេញៈ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:២១នាទី នៅចំណុចផ្ទះលេខ៣៥ ជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែន
ជ័យ។
ជនសង្ស័យឈ្មោះ Zhang Dian Wei (ចាង ទៀនវៃ) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះ៣៣ ជីបម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ដកហូតសម្ភារ៖ ប្រាក់ដុល្លារ ចំនួន ១៧៨៧០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ប្រាំបីរយចិតសិប ដុល្លារ), ប្រាក់រៀលចំនួន ១០,៨០០០,០០០រៀល (ដប់លាននិងប៉ែតសិបម៉ឺន រៀល), ប្រាក់បាតចំនួន ៨៧,៨៤០បាត (ប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំបីរយសែសិប បាត), លោហៈធាតុលឿងស្លេក (ចិញ្ចៀន) ១២វង់, លោហៈធាតុលឿងស្លេក (កងដៃ) ០៣កង, លោហៈធាតុលឿងស្លេក (ខ្សែ-ក) ១០ខ្សែ, លោហៈធាតុលឿងស្លេក (ក្រវិល) ០៣គូរ, លោហៈធាតុលឿងស្លេក (ខ្សែដៃ) ០៧ខ្សែ, បន្តោងខ្សែ-ក-រូបព្រះលោហៈធាតុលឿងស្លេក ០១។ វត្ថុតាងចាប់យករួមមាន៖ ខោជើងវែងពណ៌ខ្មៅ ០១ និងអាវដៃវែងពណ៌ខ្មៅ ០១, ស្បែកជើង ០៣គូរ, ដែកទួណវីស ០១ដើម, ម៉ូទ័រស្វានដែក ០១ដើម, ថង់ផ្លាស្ទិចសម្រាប់ច្រកសម្ភារដែលលួចបាន ០៥, កង់អាគុយ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំង
ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច