ភ្នំពេញ៖ នៅសល់តែ៣ថ្ងៃប៉ុណ្ណោះ ការចាប់ឆ្នោតប្រកួតកីឡាជាតិ លើកទី១ នឹងប្រព្រឹត្តឡើងហើយ នៅនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងវិមានពហុកីឡដ្ឋានជាតិ ។ នេះបើយោងតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋាន នៃអគ្គនាយកអប់រំកាយ និងកីឡា បានឲ្យដឹងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កន្លងមក ព្រឹត្តិការណ៍ប្រកួត កីឡាជាតិលើកទី១នេះ មានកីឡាតែ១៤ប្រភេទប៉ុណ្ណោះ ដែលសម្រេចដាក់បញ្ចូលទៅក្នុងកម្មវិធីប្រកួតកីឡាជាតិ ក្នុងនោះ មានកីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និង កាយសម្ព័ន្ធ ប៉ុន្តែព័ត៌មានចុងក្រោយនេះ លោករដ្ឋមន្ត្រី ហង់ ជុនណារ៉ុន បានសម្រេចដាក់បន្ថែមកីឡាប្រពៃណីជប៉ុន១ប្រភេទគឺ Shorinji Kempo នេះជាការកំណត់ចុងក្រោយ ។
គួររំលឹកថា សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី១ មានអត្តពលិក និង ប្រតិភូចូលរួម២.៧០០នាក់ មន្ត្រីបច្ចេកទេស ៥០០នាក់ និង អ្នកស្ម័គ្រចិត្ត ២០០នាក់ ស្នាក់នៅសណ្ឋាគារចំនួន៨ក្នុងរាជធានីភ្នំពេញ ៕ សារីម