ខេត្តកណ្តាល÷នៅព្រឹកថ្ងៃទី០៩ខែធ្នូឆ្នាំ២០២៥នេះមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីម្នាក់មុខរបរអ្នកលាងចាន ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃទំនើប១គ្រឿងពីនិស្សិតស្រីម្នាក់ដែលកំពុងអង្គុយលេងនៅមាត់ទន្លេ ប៉ុន្តែរត់គេចខ្លួនមិនរួចត្រូវបានម្ចាស់ដេញចាប់បាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ នៅចំណុចសួនច្បារមាត់ទន្លេ(ច្រមុះជ្រូក) ស្ថិត ក្នុងភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡាង សុភាភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលាងចាន មានទីលំនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ពិនិត្យទឹកនោម គ្មានសារធាតុញៀន)។ ចំណែកឯជនរងគ្រោះមានឈ្មោះ រ៉េត រីហ្សា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអធិការក្រុង បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយលេងនៅចំណុចច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ ដោយបានទុកទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone 12 Pro Max ពណ៌ស នៅលើម៉ូតូរបស់ខ្លួន។ ឃើញឱកាសល្អ ជនសង្ស័យឈ្មោះ ឡាង សុភា ក៏បានដើរចូលមកធ្វើសកម្មភាពលួចយកទូរស័ព្ទនោះ រួចព្យាយាមរត់គេចខ្លួន។ ភ្លាមៗនោះ ជនរងគ្រោះបាន ឃើញទាន់ ក៏ស្ទុះដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសម្រេច រួមជាមួយវត្ថុតាង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំមរឿងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច