ព័ត៌មានទាន់ហេតុការណ៍៖

លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ នៅសាលប្រជុំខេត្តព្រៃវែង ទីស្តីការក្រសួងមហាផ្ទៃ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន អង្គការយូនីសេហ្វ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក អង្គសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះដែរ លោក សួស ប្រាថ្នា បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបជូន លោកមអភិសន្តិបណ្ឌិត គណៈអធិបតី និងអង្គពិធីទាំងមូលមេត្តាជ្រាបអំពីលទ្ធផលនៃដំណើរការរៀបចំប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងសារាចរអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់។ 

សូមជម្រាបជូនថា សារាចរអន្តរក្រសួងលេខ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ បានទទួលគោលការណ៍ឯកភាពពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមាន សមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន គឺផ្តោតទៅលើវិស័យសំខាន់ៗចំនួន១១ រួមមាន៖១. ការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ២. ការពង្រឹង និងពង្រីកការអប់រំកុមារតូច ៣. ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា និងមធ្យមសិក្សា ៤. កិច្ចការពារស្ត្រី និងកុមារ ៥. ការលើកកម្ពស់សមភាពយេនឌ័រ ៦. កិច្ចគាំទ្រ និងជំរុញការអនុវត្តកម្មវិធីគាំពារសង្គម ៧. ការពង្រឹងការយល់ដឹង និងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លង និងជំងឺមិនឆ្លង ៨. ការលើកកម្ពស់គណនេយ្យភាពសង្គម ៩. ទឹកស្អាត និងអនាម័យ ១០. ការគ្រប់គ្រងសំណល់រឹង រាវ និង ១១. ការប្រែប្រួលអាកាសធាតុ។


ចែករំលែក៖