ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃឯកភាពជំរុញទំហំពាណិជ្ជកម្មឲ្យដល់១៥ពាន់លានដុល្លារ

ចែករំលែក៖

ប្រទេសថៃ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានមើលឃើញ ថា កម្ពុជា-ថៃនៅមានសក្តានុពលលើការ វិនិយោគ និងពាណិជ្ជកម្មជាច្រើនទៀត ដែលគួរតែប្រឹងប្រែងជំរុញទំហំពាណិជ្ជ កម្មកម្ពុជា-ថៃឲ្យដល់១៥ពាន់លានដុល្លារ អាមេរិកឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថា ជាមិត្តដ៏ល្អរបស់ប្រជា ជននិងប្រទេសថៃ ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានចាត់ទុកវត្តមានសម្តេចតេជោ ក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ថាជាវត្ត មានដ៏មានសារសំខាន់ ។

លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើង ដូច្នេះក្នុងឱកាសជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាងកក ប្រទេសថៃ កាល ពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ។

ក្នុងជំនួបពិភាក្សានេះប្រមុខដឹកនាំកម្ពុជា -ថៃបានចាត់ទុកទំនាក់ទំនងប្រទេសទាំង២មានសារសំខាន់បំផុតដែលត្រូវតែប្រឹងប្រែងពង្រឹង និងពង្រីកឲ្យបានកាន់តែខ្លាំងក្លាថែមទៀតដើម្បីនាំមកនូវប្រយោជន៍ថ្មីៗសម្រាប់ប្រជាជននិងប្រទេសទាំង២ផងដែរ ។

ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីរវាង ប្រទេសក៏ដូចជាប្រជាជនប្រទេសទាំង២ឲ្យកាន់តែល្អប្រសើរសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ បានជំរុញឲ្យមានការបើកច្រកព្រំដែនអន្តរជាតិថ្មីនៃប្រទេសទាំង ២ឲ្យបានចេញជារូបរាងពិតប្រាកដឲ្យបានឆាប់ដោយមិនរង់ចាំការបោះបង្គោលព្រំដែន ហើយការបិទ ឬបើកច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគីហើយ ពោល គឺការធ្វើអ្វីមួយត្រូវរាយការណ៍ជូនប្រមុខ រាជរដ្ឋាភិបាលប្រទេសទាំង២ជាមុន។

នាយករដ្ឋមន្រ្តីកម្ពុជា-ថៃក៏បានឯកភាព ឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំង២បន្តការពិភាក្សាជាបន្តទៅទៀតបន្ទាប់ពី ការអាក់ខានជួបពិភាក្សាគ្នាជាង២ឆ្នាំមកនោះ ។ មេដឹកនាំទាំង២ក៏បានសម្តែងការរីករាយចំពោះការតភ្ជាប់ផ្លូវរថភ្លើងប្រទេសទាំង២ដែលគ្រោងប្រារព្ធពិធីសម្ពោធនៅ ចុងឆ្នាំ២០១៦នេះ ។

ក្នុងជំនួបដដែលនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះជោគ ជ័យនៃការធ្វើប្រជាមតិក្នុងការកែរដ្ឋធម្មនុញ្ញ របស់ប្រទេសថៃដែលបានធ្វើឡើងកាល ពីពេលកន្លងមក ។ សម្តេចតេជោមាន ប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ប្រទេស កម្ពុជា-ថៃការសម្រេចចិត្តរបស់ប្រជាជនគឺពិតជាមានសារសំខាន់ ពីព្រោះថាការធ្វើ ប្រជាមតិនិងការបោះឆ្នោតគឺផ្តើមចេញពី ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋដោយគ្មាននរណាទៅបំភិតបំភ័យឬការបង្វិតបង្ខំនោះឡើយ ។

ក្រៅពីឯកភាពគ្នាក្នុងការជំរុញទំហំ ពាណិជ្ជកម្មឲ្យដល់១៥ពាន់លានដុល្លារ អាមេរិកហើយ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា ក៏បានបង្ហាញ ក្តីរីករាយផងដែរចំពោះការកើនឡើងខ្ពស់ នៃទំហំពាណិជ្ជកម្មប្រទេសទាំង២នៅក្នុងឆ្នាំ២០១៦ក៏ដូចជាឆ្នាំកន្លងទៅ ។

យោងតាមតួលេខដែលបានបង្ហាញ បានឲ្យដឹងថា នៅឆ្នាំ២០១៤កន្លងទៅការ នាំចូលពីប្រទេសថៃមកកាន់កម្ពុជាមានទឹកប្រាក់៤ពាន់២៥លានដុល្លារអាមេរិក ហើយ ការនាំចេញពីកម្ពុជាទៅប្រទេសថៃមានទឹកប្រាក់៥៨៩លានដុល្លារអាមេរិក។ សម្រាប់ ឆ្នាំ២០១៦ នេះវិញ ការនាំចូលពីប្រទេសថៃ មកកាន់កម្ពុជាមានទឹកប្រាក់៤.៦៨៩លានដុល្លារអាមេរិកហើយការនាំចេញពីកម្ពុជា ទៅប្រទេសថៃមានទឹកប្រាក់៦៣៩លាន ដុល្លារអាមេរិក ។

សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា ចាត់ទុកទំហំពាណិជ្ជ កម្មនេះថា ជាទំហំពាណិជ្ជកម្មជាប់ចំណាត់ ថ្នាក់ទី១បើប្រៀបធៀបទៅនឹងបណ្តាប្រទេស ក្នុងតំបន់ ៕ ហេង សូរិយា

 

ffrr


ចែករំលែក៖