អតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev បានព្រមានថា ពិភព លោកបានឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុតពេលដែលមានភាពតានតឹងរវាង អាមេរិកនឹងរុស្ស៊ីកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងវ៉ាស៊ីនតោនដែលមិនល្អប្រសើរតាំងពីសម័យសង្គ្រាមត្រជាក់ និងឥទ្ធិពលនៃវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនពេលនេះកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេល ដែលអាមេរិកលុបចោលជំនួបពិភាក្សាស្តីពីវិបត្តិស៊ីរីជាមួយប្រទេសរុស្ស៊ី ហើយបាន ចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារលើ បណ្តាញរបស់អាមេរិកទៀតផង។
ភាគីរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិក ក្នុងនោះមានកិច្ចព្រមព្រៀងកាត់បន្ថយឃ្លាំង សារធាតុ Plutonium សម្រាប់ផលិតអាវុធ។
លោក Gorbachev អាយុ៨៥ឆ្នាំ បាន បញ្ជាក់ពេលនិយាយទៅកាន់បណ្តាញព័ត៌មានរុស្ស៊ីថា «ខ្ញុំគិតថាពិភពលោកកំពុងស្ថិត នៅក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត»។ លោកបន្តទៀតថា លោកមិនចង់លើកឡើង នូវយុទ្ធសាស្ត្រដើម្បីបញ្ចប់ភាពតានតឹងនោះ ឡើយ។ ដោយលោកគ្រាន់តែបញ្ជាក់ថា យើងត្រូវការចរចា ហើយការផ្អាកចរចាគឺជាការខុសឆ្គងយ៉ាងធំធេង និងគ្រោះថ្នាក់ បំផុត។
លោក Gorbachev ជាមេដឹកនាំចុងក្រោយ របស់សូវៀតដែលបានមើលឃើញទំនាក់ទំនងល្អប្រសើររវាងរុស្ស៊ីនឹងលោកខាងលិច ដោយបញ្ចប់វិវាទកាលពីសម័យសង្គ្រាមត្រជាក់។ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបកម្មវិធីបរមាណូជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចប់ភាពជាប់គាំងរបស់ប្រទេសមហាអំណាចទាំងពីរ។
លោក Gorbachev បង្ហាញក្តីបារម្ភនោះក្រោយពេលដែលរុស្ស៊ីបានបញ្ជូនមីស៊ីលការពារទៅកាន់ប្រទេសស៊ីរីដើម្បីវាយស្ទាក់ មីស៊ីលរបស់សត្រូវគឺអាមេរិក។ លើសពី នេះទៅទៀតរុស្ស៊ីក៏បានបញ្ជូនមីស៊ីលជាច្រើនទៅកាន់ព្រំដែនជាប់ប្រទេសក្នុងតំបន់ អឺរ៉ុបដែលជាសមាជីករបស់អង្គការណាតូ ដែលរុស្ស៊ីចាត់ទុកថាជាការគំរាមកំហែង។
អ្វីដែលជាការព្រួយបារម្ភនោះអាមេរិកនិងរុស្ស៊ីអាចផ្ទុះសង្គ្រាមនឹងគ្នានៅលើទឹកដីស៊ីរី គឺជាការធ្វើសង្គ្រាមក្នុងសម័យកាលឆ្លាតវៃរបស់ប្រទេសមហាអំណាច។ ការធ្វើសង្គ្រាមបែបនេះជាការវាយប្រហារគ្នា ដណ្តើមស៊ីរីមិនមែនដណ្តើមរុស្ស៊ីឬអាមេ រិកនោះឡើយភាគីណាឈ្នះនឹងបានស៊ីរីទៅគ្រប់គ្រង៕ ម៉ែវ សាធី