ភ្នំពេញ ៖ ល្បែងឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកយីហោឆ្នោតកីឡាជាតិជាច្រើនកន្លែង នៅក្នុងផ្សារកាណា ស៊ីធី និងបុរីសឡា៣ ស្ថិតក្នុងសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ បានរីកដុះដាល ជាច្រើនកន្លែង ប៉ុន្តែមិនឃើញមានសមត្ថ កិច្ចមូលដ្ឋានណាទៅបង្រ្កាបនោះទេ ដោយទំនងជាខ្លាចបាត់ឆ្នាំងបាយរបស់ខ្លួនផងក៏មិនដឹង ។
បើតាមការឱ្យដឹងពីអ្នករស់នៅក្បែរនោះបានបង្ហើបប្រាប់ឱ្យដឹងថា ទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងនៅក្នុងផ្សារកាណាស៊ីធីខាងលើនេះគឺមានមិនតិចជាង១០កន្លែងទេ ដោយគេបានដាក់តុកត់ដោយ ចំហហាក់ដូចជាមិនខ្លាចញញើតនឹងសមត្ថកិច្ចបន្តិចណាសោះ ។ ការដាក់តុកត់យ៉ាង ចំហនេះ ដោយសារពួកគេមានខ្នងជាអ្នកកាងនៅពីក្រោយមានឈ្មោះថាម៉ាប់ និងស្រ្តីវ័យកណ្តាលម្នាក់ជាអ្នកចាំមើលការខុសត្រូវ ហើយឱ្យកូនកញ្ច្រែងទាំងអស់កត់យកភាគរយពីខ្លួន បើពុំដូចនោះទេឱ្យសមត្ថកិច្ចមកចាប់តែម្តង សូម្បីតែក្នុងបុរីសឡា៣ ទល់មុខផ្សារក៏សុទ្ធតែជាកូនកញ្ច្រែងរបស់គេដែរគឺបើកទ្វារដាក់តុកត់ពេញទំហឹង តែម្តង ។
សូមបញ្ជាក់ថា មិនមែនមានតែ២ទីតាំង ខាងលើនេះទេ គឺគ្រប់ផ្សារទាំងអស់នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យសុទ្ធសឹងតែមានអ្នកកាង និងអ្នកកត់ឆ្នោតវៀតណាមខុស ច្បាប់យ៉ាងច្រើន ទើបថ្នាក់ដឹកនាំមូលដ្ឋានបណ្តែតបណ្តោយឱ្យមានការកត់កន្ទុយ លេខយ៉ាងដូច្នេះ ។ ពលរដ្ឋលាន់មាត់ថាដោយមិនមានការបង្ក្រាបយ៉ាងនេះអ៊ីចឹងហើយបានជាមូលដ្ឋាននេះកើតមានឡើងនូវករណីឆក់ឬប្លន់ជាញឹកញាប់ហើយពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាចាត់វិធាន ការលើបញ្ហានេះផង ៕ សុខាសែនជ័យ