ភ្នំពេញ ៖ លោកតា អាយុ៩០ឆ្នាំម្នាក់ត្រូវកូនស្រីបង្កើតដឹកតាមម៉ូតូកង់បីយកទៅទុកចោលនៅក្នុងចេតិយ១ កន្លែងក្នុងវត្តអង្គតាម៉ិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ យប់ថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៦ នៅចំណុចចេតិយមួយកន្លែង ក្នុងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកតាដែលត្រូវកូនស្រីបង្កើតដឹកយកទៅទុកចោលក្នុងចេតិយនោះឈ្មោះ ខៀវ ម៉ារឿន មានកូនប្រុសស្រីចំនួន៥នាក់ ។ សព្វថ្ងៃលោកតារស់នៅជាមួយកូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីនិត អាយុជាង៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមស្ត្រីឈ្មោះ ខៀវ សាវី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅស្រុកគងពីសី ខេត្តកំពុងស្ពឺ ត្រូវជាកូនទី២ របស់លោកតាឱ្យដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២៦ ប្អូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីនិត បានដឹកឪពុកតាមម៉ូតូកង់បី ទៅទម្លាក់ចោលនៅក្នុងចេតិយដាក់ធាតុរបស់ម្តាយបង្កើតនៅក្នុងវត្តអង្អតាម៉ិញ រួចហើយបានថតរូបឪពុកផ្ញើតាមឆាតហ្វេសប៊ុកទៅឱ្យបង ប្អូនប្រុសស្រីចំនួន៤នាក់មើល រួចប្រាប់ថា «រូបគេបានដឹកឪពុកយកទៅទម្លាក់ចោលក្នុងចេតិយរបស់ម្តាយ បើបងប្អូនណាទំនេរចាំជួយយកគាត់ទៅផ្ទះផង»។
ស្ត្រីរូបនោះបានឱ្យដឹងបន្តថា រហូតដល់ម៉ោងកើតហេតុខាងលើបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងព្រះសង្ឃនិងអាជ្ញាធរ និងសមត្ថកិច្ច ។ ខណៈនោះគាត់ក៏បានទៅដល់ដែរ ហើយពុំឃើញមានកូនប្រុសចំនួន៤នាក់ទៀតមកដល់កន្លែកើតហេតុនោះទេ ហើយរូបគាត់រៀបរាប់ថា ឪពុករបស់គាត់សព្វថ្ងៃរស់នៅជាមួយប្អូនស្រីបង្កើតទី៣ ឈ្មោះ ខៀវ ស៊ីនិត នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ គាត់បាននិយាយថា សព្វថ្ងៃប្តីរបស់គាត់កំពុងឈឺជំងឺមហារីកនៅផ្ទះ អញ្ចឹងហើយរូបគាត់មិនអាចយកឪពុកម្នាក់ទៀតទៅចិញ្ចឹមនៅផ្ទះរបស់គាត់នោះទេ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រហូតដល់ម៉ោង១១យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កូនស្រីទី៣ឈ្មោះ ខៀវ ស៊ីនិត បានយកម៉ូតូកង់បីដឹកឪពុកយកទៅផ្ទះវិញហើយ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច