ព័ត៌មានទាន់ហេតុការណ៍៖

ទីផ្សារដឹកជញ្ជូនអាហាររបស់សិង្ហបុរី មានអត្រាកំណើនយឺតជាងគេទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

ការសិក្សាថ្មីមួយបង្ហាញថា ប្រទេសសិង្ហបុរីមានអត្រាកំណើនទីផ្សារដឹកជញ្ជូនអាហារ យឺតជាងគេទីពីរ ក្នុងចំណោមប្រទេសសំខាន់ៗនៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុន។

តម្លៃសរុបទំនិញតាមប្រព័ន្ធដឹកជញ្ជូនអាហារ (Gross Merchandise Value – GMV) នៅសិង្ហបុរី បានកើនឡើង ១៣% ក្នុងឆ្នាំ 2025 ទៅដល់ 2.9 ពាន់លានដុល្លារអាមេរិក ដោយយោងតាមរបាយការណ៍ Food Delivery Platforms in Southeast Asia របស់ក្រុមហ៊ុនប្រឹក្សា Momentum Works។

អត្រាកំណើននេះយឺតជាងមធ្យមភាគ ១៨% ដែលបានកត់ត្រានៅក្នុងទីផ្សារ ៦ ប្រទេស នៃអាស៊ីអាគ្នេយ៍។

សិង្ហបុរីមានអត្រាកំណើនខ្ពស់ជាងតែប្រទេស ហ្វីលីពីន ប៉ុណ្ណោះ (១២%) ដែលអ្នកស្រាវជ្រាវបានបញ្ជាក់ថា បណ្តាលមកពីការរំខានជាបន្តបន្ទាប់ដោយព្យុះត្រូពិច។

ប្រទេស ថៃ ក្លាយជាទីផ្សារដែលមានកំណើនលឿនបំផុត ដោយ GMV កើនឡើង ២២%។ របាយការណ៍បានអះអាងថា កត្តាសំខាន់ៗរួមមាន គម្រោងធ្វើឱ្យតម្លៃសមរម្យពីវេទិកា ការប្រកួតប្រជែងកាន់តែខ្លាំង និងគម្រោងឧបត្ថម្ភរបស់រដ្ឋាភិបាល “half-half” ដែលជួយបង់ផ្នែកមួយនៃចំណាយអាហាររបស់អ្នកប្រើប្រាស់។

ប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម តាមមកជិតៗគ្នា ដោយមានកំណើនប្រហែល ១៨% ដល់ ១៩%។ ឥណ្ឌូណេស៊ី ដែលជាទីផ្សារមានប្រជាជនច្រើនជាងគេក្នុងតំបន់ បានបន្ថែមតម្លៃកើនឡើងច្រើនបំផុត គឺប្រហែល ១ ពាន់លានដុល្លារ។

និយាយអំពីកំណើនយឺតរបស់សិង្ហបុរី លោក Li Jianggan នាយកប្រតិបត្តិ Momentum Works បាននិយាយថា ឥរិយាបថអ្នកប្រើប្រាស់ និងលក្ខខណ្ឌទីផ្សារ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងប្រទេសនានា ដោយសារភាពខុសគ្នានៃរចនាសម្ព័ន្ធទីក្រុង កម្រិតចំណាយ និងសមតុល្យផ្គត់ផ្គង់រវាងអ្នកដឹកជញ្ជូន និងភោជនីយដ្ឋាន។ លោកបានបន្ថែមថា សិង្ហបុរីកំពុងប្រឈមបញ្ហារចនាសម្ព័ន្ធពិសេសមួយ គឺ ការខ្វះអ្នកដឹកជញ្ជូន បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលមានប្រជាជនច្រើនជាង។

Grab បានបន្តរឹតបន្តឹងតួនាទីជាមេដឹកនាំទីផ្សារដឹកជញ្ជូនអាហារនៅអាស៊ីអាគ្នេយ៍ ដោយបង្កើនភាគហ៊ុនទីផ្សារតំបន់ពី 53.8% ក្នុងឆ្នាំ 2024 ទៅប្រហែល 55% ក្នុងឆ្នាំ 2025។

ជាចំនួនសរុប Grab បានបង្កើតតម្លៃដឹកជញ្ជូនអាហារប្រហែល 12.5 ពាន់លានដុល្លារ ទូទាំងតំបន់ កាលពីឆ្នាំមុន។

ShopeeFood បានវ៉ាឡើងលើ Foodpanda ក្លាយជាវេទិកាធំទីពីរនៅតំបន់ ដោយមានប្រតិបត្តិការប្រហែល 3.3 ពាន់លានដុល្លារ ខណៈ Foodpanda ថយចុះមកប្រហែល 2.6 ពាន់លានដុល្លារ។

Gojek និងវេទិកាថៃ Lineman មានតម្លៃប្រហែល 2 ពាន់លានដុល្លារ ដូចគ្នា បង្ហាញពីសមត្ថភាពខ្លាំងរបស់ Lineman នៅក្នុងទីផ្សារក្នុងស្រុក។

ការសិក្សានេះក៏បានលើកឡើងថា អាស៊ីអាគ្នេយ៍មាន បរិមាណការបញ្ជាទិញខ្ពស់ បើប្រៀបធៀបទៅនឹងទីផ្សារកំពុងអភិវឌ្ឍផ្សេងៗ។ Momentum Works បានប៉ាន់ស្មានថា វេទិកានានានៅក្នុងតំបន់ បានបំពេញការដឹកជញ្ជូនអាហារប្រហែល 8.5 លាន ទៅ 9.5 លានការបញ្ជាទិញក្នុងមួយថ្ងៃ ជាមធ្យមក្នុងឆ្នាំ 2025 ដែលជិត ទ្វេដង នៃឥណ្ឌា (ប្រហែល 4–5 លានក្នុងមួយថ្ងៃ) ទោះបីឥណ្ឌាមានប្រជាជនច្រើនជាងអាស៊ីអាគ្នេយ៍ប្រហែលពីរដងក៏ដោយ។

របាយការណ៍បានបញ្ជាក់ថា ទីផ្សារដឹកជញ្ជូនអាហាររបស់ឥណ្ឌាតូចជាង អាចបណ្តាលមកពីវប្បធម៌ការញុំាអាហារ និងការខ្វះស្ថាប័នលក់អាហារ។

ចំណែកប្រទេស ចិន វិញ អាចបំពេញការបញ្ជាទិញដឹកជញ្ជូនអាហារប្រហែល 180–200 លានក្នុងមួយថ្ងៃ ទោះបីមានប្រជាជនតិចជាងឥណ្ឌាក៏ដោយ៕


ចែករំលែក៖