ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយកង់បីខ្មែរ(ម៉ូតូសណ្ដោងរុឺម៉ក)បណ្ដាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ ចំណែកឯបុរសរងគ្រោះបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗ រីឯម៉ូតូសណ្ដោងរុឺម៉កបន្តល្បឿនបើគេចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1KW-8161ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកកង់បីខ្មែរ(ម៉ូតូសណ្ដោងរុឺម៉ក)មួយគ្រឿងមិនចាំស្លាកលេខ ចំពីក្រោយពីក្រោយបណ្ដាលឲ្យម៉ូតូដួលអូទៅមុខជាច្រើនម៉ែត្រចំណែកឯបុរសរងគ្រោះវិញបោកក្បាលនៅនឹងផ្លូវថ្នល់ស្លាប់ភ្លាមៗ ចំណែកឯម្ចាស់កង់បីក៏បានបន្តល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់រួចទាក់ទងក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅជាបណ្ដោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរកកង់បីឃាត់យកមកចាត់ការតាមនិតិវិធីច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច