អន្តរជាតិ : រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araghchi នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ បានប្រាប់អារ៉ាប៊ីសាអូឌីតថា ដល់ពេលហើយដើម្បីបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេស។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមX លោកAraghchiនិយាយថា អ៊ីរ៉ង់គោរពអារ៉ាប៊ីសាអូឌីត ហើយចាត់ទុកអារ៉ាប៊ីសាអូឌីតដូចជាប្រទេសបងប្អូនឹងគ្នា។ លោកនិយាយថា ប្រតិបត្តិការរបស់អ៊ីរ៉ង់ មានគោលបំណងវាយប្រហារសត្រូវឈ្លានពាន ដែលមិនគោរពជនជាតិអារ៉ាប់ឬជនជាតិអ៊ីរ៉ង់។
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រូបនេះ ធ្វើឡើង៣ថ្ងៃក្រោយយោធាអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងសារដែលបានបង្ហោះ លោកAraghchiក៏បានភ្ជាប់ជាមួយរូបភាពយន្តហោះE-3 Sentryរបស់កងទ័ពអាកាសអាមេរិក ដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរ៉ាដាដែលដំឡើងលើខ្នងយន្តហោះនេះបានធ្លាក់នៅលើដី។ នៅពេលមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីអាមេរិក សារព័ត៌មានជាច្រើនបានរាយការណ៍ថា យន្តហោះនេះត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាកាស នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រសិនជាការពិត នេះជាលើកទីមួយហើយដែលយន្តហោះបែបនេះ ត្រូវបានបំផ្លាញនៅក្នុងសមរភូមិផ្លូវអាកាស៕
(VAYO)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច