ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖​ គម្រោង LASED III បានជ្រើសរើសគាំទ្រសហគមន៍នេសាទចំនួន១២ទីតាំង ស្ថិតក្នុងខេត្តចំនួន៣នៅតាមបណ្ដោយឆ្នេរសមុទ្រ ដែលគ្រោងចំណាយថវិកាសរុប ចំនួន ១៣,១លានដុល្លារអាមេរិក

ចែករំលែក៖

ខេត្តកំពត៖​ លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បានដឹកនាំ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) កាលពីថ្ងៃទី​២៩ ខែមីនាថ្មីៗនេះ​ បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ត្រពាំងសង្កែ កំពង់សាមគ្គី ខេត្តកំពត និងសហគមន៍នេសាទអូរក្រសារ ខេត្តកែប ។ 

នាឱកាសនោះដែរ​ លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ បានថ្លែង​ថា​ ការវិនិយោគនេះ​ គឺដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ដែលពីមុនគឺនេសាទតាមបែបធម្មជាតិនិងប្រពៃណីទំនៀមទម្លាប់ ការចិញ្ចឹម និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះបានកាន់តែច្រើនឡើងដែលនឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ ដោយបច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងពេញនិយមនឹងការទៅលំហែជាគ្រួសារឫជាក្រុម នៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមានអនាម័យ។ 

គម្រោង LASED III បានជ្រើសរើសគាំទ្រសហគមន៍នេសាទចំនួន១២ទីតាំង ស្ថិតក្នុងខេត្តចំនួន៣នៅតាមបណ្ដោយឆ្នេរសមុទ្រ ដែលគ្រោងចំណាយថវិកាសរុប ចំនួន ១៣,១លានដុល្លារអាមេរិក ក្នុងនោះគ្រោងចំណាយសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ១១,៣៩លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលជួយទ្រទ្រង់ ជំរុញបង្កើតជម្រើសមុខរបរថ្មី ពង្រឹងនិងពង្រីកមុខរបរដែលមានស្រាប់ ក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ 

សូមគូសបញ្ជាក់ថា នៅថ្ងៃនេះគម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវការ ៥ សហគមន៍នេសាទ ហើយនឹងបន្តបើកការដ្ឋានសាងសង់នៅលើ ៧ ទីតាំងទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ 

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ត្រពាំងសង្កែ កំពង់សាមគ្គី ខេត្តកំពត និងសហគមន៍នេសាទអូរក្រសារខេត្តកែប៕ដោយ​៖តារា​


ចែករំលែក៖