ខេត្តកណ្ដាល÷មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅថ្ងៃទី០៦ខែមេសានេះថា យុវជនម្នាក់ដែលជាមុខសញ្ញាក្នុងក្រុមទុច្ចរិតដឹកទម្លាក់ឲ្យដើរលួចតាមផ្សារ បាននាំក្មេង អាយុ៨ឆ្នាំ ម្នាក់ ធ្វើ សកម្មភាពចូលលួចកាបូបលុយពីស្ត្រីជាអាជីវករកំពុងលក់ដូរ ប៉ុន្តែរត់មិនរួចត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទី៤មេសា ២០២៦ វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចតូបលក់ដូរក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួនរួមមានទី១ ឈ្មោះ រស់ សារិន ភេទ ប្រុស អាយុ១៩ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២ ឈ្មោះ នៅ លាភ ភេទប្រុស អាយុ៨ឆ្នាំ គ្មានសារធាតុញៀនក្នុងទឹកនោម រស់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូ ១គ្រឿង ម៉ាកហុងដាស្គូពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BL-1756 ព្រមទាំងទូរស័ព្ទដៃ ២គ្រឿង។ ដោយឡែកជនរងគ្រោះឈ្មោះ ស្រី សុម៉ាលី ភេទស្រី អាយុ២៨ឆ្នាំ ជាអាជីវករ រស់នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង មិនមានការបាត់បង់ទ្រព្យសម្បត្តិ និងមិនបានដាក់ពាក្យបណ្ដឹងនោះទេ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែលក់ដូរនៅក្នុងតូបដូចសព្វមួយដង ស្រាប់តែមានអតិថិជនជាស្ត្រីម្នាក់បានមកទិញនំ។ ខណៈពេលដែលជនរងគ្រោះដើរទៅខ្ចប់នំឲ្យភ្ញៀវ ជនសង្ស័យទាំង ២នាក់ ក៏បានលួចដើរចូលទៅឆក់យកកាបូបស្ពាយដាក់លុយ រួចនាំគ្នារត់គេចខ្លួនសំដៅទៅស្ថានីយ៍ប្រេង តាមបណ្ដោយផ្លូវលេខ៤១។ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង ដែលនៅក្បែរនោះ បានតាមដេញឃាត់ខ្លួន និងសួរនាំរហូតជនសង្ស័យព្រមសារភាព រួចទើបប្រគល់មុខសញ្ញាមកឲ្យសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិលចាត់ការបន្ត។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រស់ សារិន បានសារភាពថារូបគេពិតជាបានលួចកាបូបជនរងគ្រោះមែន និងធ្លាប់ប្រើ ប្រាស់គ្រឿងញៀនប្រហែល ២ឆ្នាំ មកហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺជនសង្ស័យរូបនេះជាមុខសញ្ញាស្ថិតក្នុងក្រុមទុច្ចរិតដែលតែងតែប្រើរូបភាពដឹកទម្លាក់ឲ្យដើរលួចតាមទីប្រជុំជន ឬតាមផ្សារ ហើយកន្លងមកបណ្ដាញរបស់ក្រុមនេះក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ និងសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការបង្ក្រាបបានផងដែរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច