ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចដកហូតអាជ្ញាបណ្ណក្រុមហ៊ុន ហ្គាន់ ដាវ អ៉ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ដែលមានកាស៊ីណូឈ្មោះ ហ្គាន់ដាវ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយរកឃើញបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ដោយបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឥតរាថយ តាមបទបញ្ជារាជ- រដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំង មានសមត្ថកិច្ចខេត្តព្រះសីហនុ ជាអាទិ៍ គណៈ អភិបាលខេត្ត, កងកម្លាំងរាជអាវុធហត្ថ, និង អយ្យការអមសាលាដំបូង បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងកាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយបានធ្វើការនាំ ខ្លួនជនសង្ស័យ ចំនួន ១០៨ នាក់ ក្នុងនោះជនជាតិចិន ចំនួន១០៥ នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន ៣ នាក់ ហើយបានដកហូតវត្ថុតាងនានា ជាអាទិ៍ កុំព្យូទ័រចំនួនជិត ៥ រយគ្រឿង និង ទូរសព្ទដៃចំនួនជាង ១ ពាន់គ្រឿង។

ផ្អែកតាមការស្រាវជ្រាវចេញពីប្រតិបត្តិការខាងលើ ស្របតាមនីតិវិធីជាធរមាន, ក្រុមហ៊ុន ហ្គាន់ ដាវ អ៊ុនធើណេសិនណល អេនធើធេនម៉ិន ឯ.ក បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការ- គ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ដូចនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.) បានសម្រេច ដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ៣២៥ គ.ល.ក ចុះថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ ដែលបានផ្តល់ជូន ក្រុមហ៊ុន ហ្គាន់ ដាវ អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ស្ថិត នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ​ ០៣០​ គ.ល.ក.សសរ ចុះថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២៦។

ស្របតាមយុទ្ធនាការ នៃការបោសសម្អាត និងការលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា នៅកម្ពុជា, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្តេជ្ញា បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ ដោយបន្តសហការ ជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និង កងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ និង ឆែកឆេរ ដោយមិនមានករណីលើកលែងចំពោះ ទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ៕ដោយ៖តារា


ចែករំលែក៖