ព័ត៌មានទាន់ហេតុការណ៍៖

សូមពលរដ្ឋប្រយ័ត្នចាញ់បោកក្រុមហ៊ុនផ្តល់សេវាដាក់បុគ្គលិកធ្វើការតាមផ្ទះយីហោ “ឃ្លេវើ ឃ្លីនឡូខល” កំពុងបោកប្រាស់អថិជន 

ចែករំលែក៖

ភ្នំពេញ៖ បើតាមការលើកឡើងរបស់លោក ធីម ម៉េងសុង ដែលជាអថិជនម្នាក់របស់ក្រុមហ៊ុនផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះយីហោ” ឃ្លេវើ ឃ្លីនឡូខល ” បានរៀបរាប់ប្រាប់អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះថា៖ លោកមានអាស័យដ្ឋានផ្ទះលេខ១១១ ផ្លូវរ៉ាដា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានជួលសេវារបស់ ក្រុមហ៊ុន” ឃ្លេវើ ឃ្លីនឡូខល ” ដើម្បីដាក់មនុស្សបំរើការងារផ្ទះផ្នែកអនាម័យ ពីបុគ្គលឈ្មោះ ឆន ធារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះដែលមាន ទីតាំងក្នុងបុរីលឹមឈាងហោ(ចំការដូង) ផ្ទះលេខ IE,Eo ផ្លូវលេខ១ សង្កាត់ដង្កោ រាជធានីភ្នំពេញ។

លោក ធីម ម៉េងសុង បានបន្តថា ក្រុមហ៊ុនផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះយីហោ” ឃ្លេវើ ឃ្លីនឡូខល ” បានធ្វើការងារបោកប្រាស់ទំនុកចិត្តរបស់អថិជន ខណៈដែលរូបលោកបានជួលសេវាក្រុមហ៊ុនមួយនេះ ឱ្យបុគ្គលិកមកធ្វើផ្នែកអនាម័យនៅផ្ទះរបស់លោករយៈពេល ១ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ ក្នុងមួយខែមានតម្លៃ ២៧០ដុល្លារ ហើយលោកបានបង់ប្រាក់មុនចំនួន ៣ខែស្មេីនិង ៨១០ដុល្លារ និងបានកក់ប្រាក់មួយខែថែមទៀត ចឹងប្រាក់ដែលគាត់បង់ទៅឱ្យក្រុមហ៊ុន ” ឃ្លេវើ ឃ្លីនឡូខល ” មានចំនួនសរុប ១ ០៨០ដុល្លារ(មួយពាន់ប៉ែតសិនដុល្លារ) ។

លោកបន្តថា ក្រោយធ្វើកិច្ចសន្យាព្រមព្រៀងរួច ខាងក្រុមហ៊ុនក៏បានផ្តល់បុគ្គលិកឈ្មោះ សួន រចនា ភេទស្រី ឱ្យមកធ្វើការផ្ទះរបស់លោក ប៉ុន្ដែខាងបុគ្គលិកក្រុមហ៊ុនបានមកធ្វើការងារត្រឹមតែ២ខែ ប៉ុណ្ណោះ ដោយសារតែបុគ្គលិករូបនោះគឺធ្វើការងារអ្វីក៏មិនកើត ខាងលោកក៏បានស្នើសុំទៅខាងក្រុមហ៊ុនដើម្បីប្ដូរបុគ្គលិកផ្សេងវិញ(មនុស្សម្នាក់ទៀត) ខាងក្រុមហ៊ុនក៏យល់ព្រមប្ដូរមនុស្សផ្សេងទៀតឱ្យ ប៉ុន្តែអ្វីដែរខាងក្រុមហ៊ុនសន្យានោះ គឺជាការបោកប្រាស់ដោយមានចរិតទុច្ចរិតមិនស្មោះត្រង់ ភូតភរ គ្មានភាពទទួលខុសត្រូវចំពោះអថិជនរបស់ខ្លួន រហូតមិនព្រមដាក់បុគ្គលិកមកឱ្យវិញនោះទេ ដោយនិយាយមិនទៀងទាត់គ្មានការពិត ទើបលោក សម្រេចមិនទទួលយកបុគ្គលិកពីក្រុមហ៊ុននេះវិញទេ និងឱ្យខាងក្រុមហ៊ុនទូទាត់ប្រាក់ដែលនៅសល់ចំនួន ៥០៤ដុលា្លរ ប្រគល់មកឱ្យគាត់វិញ ។

អថិជនរូបនេះ បានបន្តទៀតថា អ្វីដែលលោកខកចិត្តខ្លាំងបំផុតនោះ បន្ទាប់ពីលោកមានការអនុគ្រោះច្រើនលើកច្រើនសារឱ្យក្រុមហ៊ុន” ឃ្លេវើ ឃ្លីនឡូខល ” នេះហើយ ប៉ុន្តែបុគ្គលឈ្មោះ ឆន ធារិទ្ធ ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះនេះ ក៏នៅតែបន្តកុហកបោកប្រាស់រូបលោកទៀត ដោយនិយាយម្តងថា និងវេរប្រាក់ជូនលោកវិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ប៉ុន្ដែមកដល់ថ្ងៃដែលបុគ្គលឈ្មោះ ឆន ធារិទ្ធ(ខាងក្រុមហ៊ុន) សន្យាគឺមិនពិតនោះទេ ដោយបានត្រឹមឆ្លើយតបមកលោកថា សុំលើកថ្ងៃផ្ទេរប្រាក់ឱ្យនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦វិញ ប៉ុន្តែមកទល់ថ្ងៃទី០៧ មេសា គឺមិនបានផ្ទេរប្រាក់ត្រលប់មកវិញនោះទេ ។ ដូច្នេះនេះហើយជាអំពើបោកប្រាស់ ភូតភរ មិនស្មោះត្រង់ និងមិនទទួលខុសត្រូវចំពោះអថិជនរបស់ខ្លួន។

បន្ថែមពីនេះ លោក ធីម ម៉េងសុង បានបញ្ជាក់ប្រាប់អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន ថា៖ ដើម្បីកុំឱ្យមានជនខិលខូច ចេះតែរកស៉ីបន្លំ បោកប្រាស់ ដល់ពលរដ្ឋស្លូតត្រង់ដែលកំពុងរងគ្រោះពីក្រុមហ៊ុននេះ លោកក៏បានសម្រេចទៅដាក់ពាក្យបណ្ដឹងនៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយជូនគាត់តាមផ្លូវច្បាប់។

ជំរុញករណីខាងលើនេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន បានទំនាក់ទំនងទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាមទៅបុគ្គលឈ្មោះ ឆន ធារិទ្ធ(ខាងក្រុមហ៊ុន ” ឃ្លេវើ ឃ្លីនឡូខល “) លោកបានរៀបរាប់ថា លោកពិតជាបានសន្យាថា និងផ្ទេរប្រាក់ជូនលោក ធីម ម៉េងសុង វិញនៅទឹកប្រាក់ចំនួន ៥០៤ដុល្លារ នៅថ្ងៃទី២៧ ខែមីនាម្សិលមិញនេះ ប៉ុន្តែដោយសារការផ្ទេរប្រាក់មិនទាន់មានលិទ្ធភាព លោកក៏ស្នើសុំលើកទៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៦វិញ៕

ដោយ៖តារា


ចែករំលែក៖