ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ ខ្លួនជនសង្ស័យ០២នាក់ ជាចៅស្រីបង្កើត ក្រោយធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតខ្លួន ព្រោះតែខឹងរឿងហាមឃាត់មិនឲ្យមានស្នេហា ក្នុងវ័យសិក្សា ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ទី គង់ ភេទស្រី អាយុ៦៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ជនសង្ស័យមានទី១.ឈ្មោះ សេង ច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ និងទី២.ឈ្មោះ សេង ហេង សានីកា អាយុ ១៨ឆ្នាំ អ្នកទាំង០២ ស្នាក់នៅផ្ទះកើតហេតុ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីគ្រួសារសាច់ញាតិ ថាមានមនុស្សស្លាប់នៅក្នុងមូលដ្ឋាន ភ្លាមៗសមត្ថកិច្ច បានរាយការណ៍បន្តជូនមន្ត្រីជំនាញចក្ខុកោសល្យវិច័យហើយបានចុះទៅ ត្រួតពិនិត្យសព បែរជារកឃើញមានស្លាកស្នាម កាំបិតពីក្រោយខ្នង ។ ទើបកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន០២នាក់ ជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយគ្នា នាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង០២នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា យោងតាមចម្លើយសារភាពពីជន សង្ស័យទាំង០២នាក់ (ចៅស្រី) ឲ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយខ្លួនបានយកកាំបិតចុងស្រួច ចាក់ទៅលើលោក យាយ ពីក្រោយខ្នង១កាំបិត បណ្តាលឱ្យហូរឈាមស្លាប់តែម្តង ។ មូលហេតុ ខ្លួនបានគុំកួនជាមួយលោកយាយ ជាយូរមកហើយ ព្រោះតែលោកយាយ បានហាមឃាត់ខ្លួន មិនឱ្យមានស្នេហា ក្នុងវ័យសិក្សា ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច