លទ្ធផលស្ទង់មតិកាលពីចុងសប្តាហ៍កន្លងមកបានបង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យទទួលបានការគាំទ្រខ្ពស់នៅមុនពេលការប្រកួតសម្តីលើកទី៣ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
លោកស្រីហ៊ីលឡារី គ្លីនតុន នាំមុខ លោកដូណាល់ ត្រាំ ១១ភាគរយតាមការស្ទង់មតិរបស់សារព័ត៌មាន NBC news/Wall Treet Journal ។ នៅក្នុងការស្ទង់ មតិដំបូងលោកស្រីគ្លីនតុនទទួលបានសំឡេងគាំទ្រ៤៨ភាគរយ ចំណែកលោក ដូណាល់ ត្រាំ វិញមានតែ៣៧ភាគរយ ប៉ុណ្ណោះ ។ ចំណែកការស្ទង់មតិរបស់ បណ្តាញ ABC គឺលោកស្រីទទួលបានការគាំទ្រ៤៧ភាគរយនិងលោកត្រាំទទួលបាន៤៣ភាគរយ។ លោកដូណាល់ ត្រាំ កំពុងតែប្រឈមមុខនូវបញ្ហាជាច្រើនពេលការបោះឆ្នោតកៀកមកដល់ហើយនោះ ។
លោកបានបាត់បង់សំឡេងគាំទ្រជាបន្តបន្ទាប់ក្រោយមានឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសស្ត្រី ហើយមានស្ត្រី៩នាក់ចោទប្រកាន់លោកត្រាំថាបានបៀតបៀនផ្លូវភេទទៀតផង។ នៅក្នុងការប្រកួតប្រជែងសម្តីលើកទី៣ធ្វើឡើងនៅមហាវិទ្យាល័យ Nevada ក្នុងទីក្រុង ឡាសវីហ្គាស សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី១៩ ខែតុលា ។ ការប្រកួតប្រជែងសម្តីនោះគឺដើម្បីបង្ហាញពីសមត្ថភាពរបស់បេក្ខភាពប្រធានាធិបតីពីគោលនយោបាយដឹកនាំរបស់ខ្លួនដោយជោគ ជ័យ។
លោកដូណាល់ ត្រាំ មិនត្រឹមតែបាត់បង់ការគាំទ្រពីពលរដ្ឋទូទៅ ពិសេសគឺស្ត្រី ហើយលោកថែមទាំងបាត់បង់ការគាំទ្រពីមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សរបស់ខ្លួនផ្ទាល់ ក្នុងនោះមានប្រធានរដ្ឋសភាអាមេ រិកជាដើម។ គោលនយោបាយរបស់លោក ដូណាល់ ត្រាំគឺផ្ទុយទៅនឹងផលប្រយោជន៍របស់ពលរដ្ឋអាមេរិកភាគច្រើន។ សូម្បីតែឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានថា លោកដូណាល់ ត្រាំ ជា “បុគ្គលគ្រោះ ថ្នាក់”។
កន្លងមកថ្មីៗឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra ad al Husein បានឲ្យដឹងថា ប្រសិនបើលោកដូណាល់ ត្រាំ ជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតខែវិច្ឆិកា គឺជារឿងដ៏គ្រោះថ្នាក់ ។ លោកបញ្ជាក់ទៀតថា លោកត្រាំ គឺជាបុគ្គល គ្រោះថ្នាក់ទាំងទស្សនៈនយោបាយអន្តរជាតិ ។
លោក Al Sussein បានលើកឡើងពីទស្សនៈខាងលើនៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វុីស ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី យេមែន និងតំបន់ សមុទ្រ Sahara ។ លោកបានថ្កោលទោស ទៅលើទស្សនៈរបស់លោកដូណាល់ ត្រាំ ទៅលើសហគមន៍ដែលងាយរងគ្រោះ ក្នុងនោះមានក្រុមជនជាតិភាគតិចនៅអាមេរិក ។ លើសពីនេះទៅទៀតលោកត្រាំ មាន ការប្រកាន់ពូជសាសន៍និងសាសនា ។
ការគាំទ្ររបស់ពលរដ្ឋអាមេរិកទៅលើលោកត្រំា កាន់តែធ្លាក់ចុះខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនោះហើយធ្វើឲ្យតំណែងប្រធានាធិបតីអាមេរិកនឹងបានទៅលើលោកស្រីហ៊ីលឡារី គ្លីនតុន ជាមិនខាន ៕ ម៉ែវ សាធី