ភ្នំពេញ៖ គម្រោងកែលម្អការអប់រំឧត្តមសិក្សាជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក បាន និងកំពុងបោះជំហានយ៉ាងសកម្មក្នុងដំណាក់កាលអនុវត្តពាក់កណ្ដាលឆ្នាំ២០២៦នេះ។ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃគម្រោងជំហានទី១ កាលពីដើមឆ្នាំ២០២៥ គម្រោងថ្មីនេះមានគោលដៅពង្រីកវិសាលភាព និងបន្តជំរុញការអប់រំឧត្តមសិក្សានៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សាទី២ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារគម្រោង នៃធនាគារពិភពលោកប្រចាំកម្ពុជា តំណាងសាកលវិទ្យាល័យគោលដៅទាំង៦ និងភាគីពាក់ព័ន្ធលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោក ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមការងារក្រោមឱវាទក្រសួង និងសាកលវិទ្យាល័យគោលដៅ ដែលសម្រេចបានវឌ្ឍនភាពជាច្រើន និងសូមឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ថែមការយកចិត្តទុកដាក់ពន្លឿនការអនុវត្តគម្រោង និងជំរុញឱ្យបាននូវប្រសិទ្ធភាព។
សូមបញ្ជាក់ថា គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សាជំហានទី២ បានអនុវត្តនៅតាមសាកលវិទ្យាល័យគោលដៅចំនួន៦ ដោយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន ដូចជា ១.ការអភិវឌ្ឍស្វ័យភាពគ្រឹះស្ថាន ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមបែបឌីជីថលត្រូវបានដាក់ឱ្យដំណើរការពេញលេញ ២.ការធ្វើទំនើបកម្មកម្មវិធីសិក្សាដោយបានបញ្ចប់ការរៀបចំកម្មវិធីសិក្សាផ្អែកលើលទ្ធផល សម្រាប់មុខជំនាញអាទិភាព (STEM កសិកម្ម និងបច្ចេកវិទ្យាឌីជីថល) ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យា AI-Assisted Learning ៣.គម្រោងសាងសង់មន្ទីរពិសោធន៍ឯកទេសកម្រិតខ្ពស់ និងការបំពាក់ឧបករណ៍បច្ចេកវិទ្យាសម្រាប់ “Smart Classroom” ក្នុងសាកលវិទ្យាល័យគោលដៅ ៤.ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ៖ គម្រោងបានផ្ដល់មូលនិធិស្រាវជ្រាវដល់សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បណ្ឌិត ដើម្បីធ្វើការសិក្សាលើប្រធានបទដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ៤.០៕
ដោយ៖ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច