ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍បន្តពិភាក្សាសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅធានាលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងបើកក្នុងកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅធានា លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងព័ត៏មាន  លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌មាន  បានបញ្ជាក់ថា  ក្រសួងព័ត៌មានរួម និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបន្តរៀបចំលិខិតបទដ្ឋាន វិធាន គោលការណ៍ណែនាំ និងឯកសារគតិយុត្តតាមជំហានជាបន្តបន្ទាប់លើការបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន តាមរយៈយន្តការជាក់លាក់នានា ពិសេសការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពសារព័ត៌មាន ដើម្បីគាំទ្រការអនុវត្តការងាររបស់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឪ្យមានសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈ លើកកម្ពស់សិទ្ធិកុមារ ស្ត្រី ជនងាយរងគ្រោះ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ 

    លោកបន្តថា ផ្អែកតាមរបាយការណ៍វឌ្ឍនភាពការងារ ចាប់តាំងពីដើម ឆ្នាំ២០២៦ មកក្រុមការងារបានទទួលនូវគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការរៀបចំឱ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ អន្តរជាតិចំនួន៥។ កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងក្នុងគោលបំណងកសាងនូវយន្តការរួមមួយ ដែលមានភាពសុគតភាពរវាងស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ ក្នុងការគ្រប់គ្រង និងតម្រង់ទិសការផ្សព្វ ផ្សាយព័ត៌មាន។

     លោកក៏បានអរគុណចំពោះ កិច្ចសហការបានយ៉ាងល្អក្នុងក្របខណ្ឌបច្ចេក ទេសអន្តរស្ថាប័ន និងអង្គការអន្តរជាតិដៃគូរួមមាន អង្គការ Plan Internatio nal Cambodia, Save the Children Cambodia, World Vision International, UNICEF Cambodia និង អង្គការ Care  ក្នុងការផ្លាស់ប្តូរធាតុចូលរវាងអ្នកជំនាញនៃក្រសួងព័ត៌មាន និងតំណាងមកពីស្ថាប័នដៃគូ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពការងារ។

      សូមបញ្ជាក់ថា៖ ការរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាននេះ ជាការបន្តកិច្ចខិតខំប្រឹងប្រែងនក្នុងក្របខណ្ឌនៃបេសកកម្មក្នុងអាណត្តិទី៧របស់ក្រសួងព័ត៌មាន ដែលដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនោះរាប់បញ្ចូលទាំងការបន្តលើកកម្ពស់ភាពជាដៃគូជាមួយគ្រប់តួអង្គទាំងអស់នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ សំដៅអភិវឌ្ឍ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់នេះ នឹងនាំមកនូវរបត់ថ្មីមួយ ក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ដែលមិនត្រឹមតែផ្ដោតលើការផ្តល់ព័ត៌មានលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្សព្វ ផ្សាយប្រកបដោយមនវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ និងសង្គមជាតិទាំងមូលផងដែរ៕ 

     ដោយ សំរិត


ចែករំលែក៖