ព័ត៌មានទាន់ហេតុការណ៍៖

លោមលី ធុជ ស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន

ចែករំលែក៖

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន ។

លោក  លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ ការអាជ្ញាធរមីន ។ 

     ក្នុងជំនួបនោះ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តនូវ “គោល នយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥” ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដល់កិច្ចការបោសសម្អាតមីន និងការគិតគូរជួយដល់ជនរងគ្រោះថ្នាក់និងការស្តារកាយសម្បទា នៅប្រទេសកម្ពុជា។

     លោក Derek Yip បានបញ្ជាក់ពីការផ្តល់ជំនួយជាថវិកាចំនួន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើងនូវសហគមន៍តាមបណ្តោយព្រំដែនរងផលប៉ះពាល់ ដោយសារសង្រ្គាមកម្ពុជា-ថៃ នាពេលកន្លងមក។

      តំណាងឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក ទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ យូរអង្វែង និងរឹងមាំ ក្នុងចំណោមដៃគូដទៃ ទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជា រយៈពេលជាង៣០ឆ្នាំ មកនេះ ជាពិសេសតាមរយៈគម្រោងបោស សម្អាតមីនដើម្បីលទ្ធផល។ប្រទេសអូស្រ្តាលី ដែលបានជួយគាំទ្រដល់ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ រួមទាំងថ្មីៗនេះ បានជួយគាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយសារសង្រ្គាមកម្ពុជា-ថៃ នាពេលកន្លងមក ព្រមទាំងគាំទ្រដល់សហគមន៍រងគ្រោះនៅតាមព្រំដែន ផងដែរ។ 

      ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្ម ភាពមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោស សម្អាតមីន ដើម្បីឱ្យលទ្ធផលប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់ នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ ៕ ដោយ  សំរិត


ចែករំលែក៖