ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ខណៈសាកលលោកបានធ្វើឱ្យកម្ពុជាហ៊ុំព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជាច្បាស់ខ្ពស់ ដែលឆ្លុះបញ្ចាំងតាមរយៈសង្គ្រាម និងជម្លោះតាមតំបន់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរវាងមហាអំណាច និងការបន្តធ្លាក់ចុះសណ្តាប់ធ្នាប់ពិភពលោក គួបផ្សំនឹងសង្គ្រាមឈ្លានពានដែលធ្វើឱ្យប៉ះពាល់មកលើប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជានៅតែបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាក់ស្តែងកម្ពុជានៅរក្សាបានលំនឹងសេដ្ឋកិច្ចខ្ពស់និងរឹងមាំ អត្រាអតិផរណាទាប លំនឹងអត្រាប្តូរប្រាក់ កំណើនរឹងមាំនៃទុនបម្រុងអន្តរជាតិ កំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេស ជាពិសេសពិពិធកម្មកាន់តែខ្ពស់ ទាំងផលិតផលនិងដៃគូពាណិជ្ជកម្ម កំណើនខ្ពស់នៃលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលគួបផ្សំជាមួយប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយ៍វត្ថុ និងការធានាបាននូវចីរភាពថវិការ និងបរិយាប័ន្នហិរញ្ញវត្ថុ ហើយនឹងបន្តចលនានៃដំណើរការនេះក្នុងរយៈពេលមធ្យមផងដែរ។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដ៏ស្មុគស្មាញក្នុងខណៈពេលដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាពដែលបានបន្សល់ទុកមកដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ 

សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា អ្នកវិនិយោគ គេនឹងមិនជ្រើសរើសមកវិនិយោគនៅកម្ពុជាទេ បើកម្ពុជាគ្មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សដែលមានជំនាញ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវការ ការបណ្ដុះបណ្ដាលជំនាញដល់យុវជនឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគឱ្យបានច្រើន៕

ដោយ ៖ សិលា


ចែករំលែក៖