ក្រោយដំណើរទស្សនកិច្ចទៅកាន់ ប្រទេសប៊្រុយណេ ប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ បន្តទៅកាន់ប្រទេសចិន។ កន្លងមកលោកបានទស្សនកិច្ចប្រទេស តំបន់អាស៊ាន។ នាពេលលោក ឌុយទែរតេ នឹងបន្តទៅកាន់ប្រទេសជប៉ុន និងរុស្ស៊ីជា បន្តទៀតក្រោយបញ្ចប់ទស្សនកិច្ចទៅកាន់ប្រទេសចិនហើយនោះ។
ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់ តំណែងទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេរិកមិនដូចជាពេលមុនទៀតឡើយ។ គោលនយោបាយការបរទេសរបស់លោកមានការផ្លាស់ប្តូរទាំងស្រុងដោយលោក សុខចិត្តបោះបង់សម្ពន្ធមិត្តនៅឆ្ងាយចាប់យកដៃគូជិតងាយស្រួលជួយដល់សេដ្ឋ កិច្ចប្រទេសនេះ។ លោក ឌុយទែរតេ បាន បញ្ជាក់ថា ចេកក្រអូបរបស់ហ្វុីលីពីនបើនាំដល់អាមេរិកប្រាកដជាស្អុយរលួយជាមិនខាន ដូច្នេះមានតែទីផ្សារប្រទេសចិន ប៉ុណ្ណោះ ទើបទាន់ពេលវេលា។ ទាំងនោះ ជាអ្វីដែលលោក ឌុយទែរតេ ចង់បានក្នុង ពេលដែលលោកកាន់អំណាច។
អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃ ណីរបស់ហ្វុីលីពីនកាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនមានភាពល្អប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វុីលីពីនដើម្បីគ្រប់គ្រង់ចិន។ ផ្ទុយទៅវិញលោក ឌុយទែរតេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិកងាកទៅរកចិនវិញ។ ប្រធានា ធិបតិហ្វុីលីពីនសង្ឃឹមថា ចិននឹងមិនដើរ ឆ្ងាយជាងនេះនៅក្នុងការឈ្លានពានហ្វុីលីពីនទុកឲ្យហ្វុីលីពីនមានឱកាសបានរស់ នឹងគេ។
ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រវិញ តាម អ្នកវិភាគ តុលាការអន្តរជាតិក៏ដូចជាអ្នក វិភាគភាគច្រើនយល់ថា ហ្វុីលីពីនជាអ្នក ត្រូវសោះបែរជាតត្រុកសុំការសន្តោស ប្រណីពីចិនដែលជាអ្នកមកបំពានគេទៅ វិញ។ អ្នកតំណាងរាស្ត្រហ្វុីលីពីនម្នាក់មកពីខាងគណបក្សប្រឆាំងយល់ថា ជំហរបែបឱបជើងចិនរបស់ប្រធានាធិបតីហ្វីលីពីននាពេលនេះនឹងជះផលអាក្រក់មកលើហ្វីលីពីននៅថ្ងៃស្អែក។ ចិននឹងកាន់តែបាន ចិត្តសង្កត់កហ្វុីលីពីនលើគ្រប់វិស័យដើម្បីការពារប្រយោជន៍របស់គេ ហើយលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ វិញ ខ្លាចលោក ស៊ី ជីងពីង ដូចឆ្មាត្រូវទឹក។
សម្រាប់អ្នកវិភាគខ្លះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយហ្វុីលីពីនវិញ យល់ថាបន្ទាត់នយោបាយបែរទៅខាងចិននាពេលនេះវាជារឿងចាំបាច់ក្នុងបរិបទ នយោបាយបច្ចុប្បន្នដែលហ្វុីលីពីនត្រូវការរកបង្អែកថ្មី ព្រោះសហរដ្ឋអាមេរិកកំពុង អស់ឥទ្ធិពលបណ្តើរៗទៅហើយ នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ គ្មាននរណាម្នាក់អាច គេចពីក្រញ៉ាំរបស់ចិនបានទេ។ ជាងនេះ ទៅទៀតក្នុងអាណត្តិទាំងពីររបស់លោក អូបាម៉ា សហរដ្ឋអាមេរិកហាក់បានកាត់ បន្ថយមិនចង់ធ្វើអន្តរាគមឬចេញមុខឈ្លោះ ជាមួយអ្នកណាដើម្បីការពារកូនចៅដូច កាលពីជំនាន់មុនទេ។ ដូច្នេះបើហ្វុីលីពីនទៅតទល់ជាមួយចិនតែម្នាក់ឯង គឺមិនខុសពីយកពងមាន់ទៅជល់នឹងថ្មឡើយ។ ការបត់ក្បាលទៅរកចិននាពេលនេះជាការ យល់ពីកាលៈទេសៈជាក់ស្តែង។ វិស័យ ពាណិជ្ជកម្ម ជំនួយវិនិយោគ ទាំងអស់នេះដែលហ្វុីលីពីនត្រូវការចិនបានផលពីចិន ជាជាងបង្កជម្លោះជាមួយចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទ២ ទី១គឺបរិបទសេដ្ឋកិច្ចពាណិជ្ជ កម្មព្រមទាំងការវិនិយោគ ហើយទី២គឺបរិ បទការទូត។ លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ត្រូវបានអមដំណើរទៅដោយអ្នកជំនួញ ធំៗនៅហ្វុីលីពីនជាច្រើនរយនាក់។ វិស័យវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគ៌មា ជាចំណុចធំបំផុត ព្រោះតាមការឲ្យដឹងហ្វុីលីពីនចង់សុំឲ្យចិនបោះទុនវិនិយោគក្នុង វិស័យនេះរាប់ពាន់លានដុល្លារឯណោះ។ ឧទាហរណ៍ ដូចជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែកហ្វុីលីពីននៅតំបន់ម៉ាន់ដាណាវ ភាគខាងត្បូងហ្វុីលីពីនដែលរដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ កំពុងត្រូវការ លុយវិនិយោគរបស់ក្រុមហ៊ុនស្ថាបនាផ្លូវដែករបស់ចិន។
ជាការកត់សំគាល់ចាប់តាំងពីហ្វុីលីពីន និងចិនឈ្លោះគ្នារឿងតំបន់សមុទ្រចិនខាងត្បូង ពាណិជ្ជកម្មរវាងប្រទេសទាំង២បានជួបការលំបាកណាស់សម្រាប់អ្នករកស៊ីទាំង សងខាង។ សម្រាប់ហ្វុីលីពីនដែលនាំផ្លែឈើ ដូចជាចេក និងម្នាស់ចូលទៅលក់នៅចិន បានខាតបង់យ៉ាងច្រើនដោយសារចិន លែងទទួលទិញ ហើយបើលួចនាំចូលបើ ចិនចាប់បានគឺគេដុតចោលទាំងកុងតឺន័រ តែម្តង។ ក៏ប៉ុន្តែដើម្បីអបអរទស្សនកិច្ចរបស់ លោកប្រធានាធិបតីហ្វុីលីពីននាពេលនេះ អាជ្ញាធរចិន ទើបតែបានសម្រេចលុបបំរាមហាមឃាត់ការនាំចូលចេកនិងម្នាស់របស់ហ្វុីលីពីន។ នៅថ្ងៃព្រហស្បតិ៍ ទី២០តុលា លោកស៊ី ជីងពីង ប្រធានាធិបតីចិននឹង ទទួលជួបលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ នៅ ទីក្រុងប៉េកាំង៕ ម៉ែវ សាធី