ខេត្តប៉ៃលិន៖ នៅល្ងាចថ្ងៃទី១៩ តុលា ឆ្នាំ២០១៦ សម្ដេចតេ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិន។
ខេត្តប៉ៃលិនគឺជាខេត្តមួយដែលពីមុនគឺជាសមរភូមិក្ដៅខ្លាំងបំផុតក្នុងចំណោមសមរភូមិផ្សេងៗ តែបន្ទាប់ពីបានធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រែក្លាយតំបន់ជាតំបន់ដែលមានសុខសន្តិភាព មានការរីកចំរើនលើគ្រប់វិស័យជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងដែលបានផ្ដល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅខេត្តនេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តផ្សេងៗដែលឆ្លងកាត់ខេត្តនេះ។
មុននឹងចាប់ផ្ដើមដំណើរការកិច្ចប្រជុំមន្ត្រីរាជការខេត្ត ប៉ៃលិនសម្ដេចតេជោ បានថ្លែងសុន្ទរកថារំលឹកខួបលើកទី២០ នៃសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ(២២ តុលា ១៩៩៦ – ២២ តុលា ២០១៦)។
សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជាចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេៈត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាព មន្ត្រីត្រូវគិតថាខ្លួនជាអ្នក បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជំរុញការ ប្រមូលពន្ឋអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។ ត្រូវយកចិត្តទុកដាក់ការពារធនធានព្រៃឈើ ធនធានរ៉ែ ព្រមទាំងយកចិត្តទុកដាក់ថែទាំតំបន់ទេសចរណ៍មួយចំនួន។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធភាព និងគ្រប់គ្រងអាជីវកម្មដីសម្បទានសេដ្ឋកិច្ចអោយបានត្រឹមត្រូវ។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេះសហការគ្នាជាមួយអាជ្ញាធរថៃ អោយបានល្អប្រសើរជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែនក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌ខេត្តប៉ៃលិនអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ៕