ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ កូរ៉េខាងជើងបាញ់មីស៊ីលលើកទីពីរក្នុងមួយសប្តាហ៍

ចែករំលែក៖

នៅព្រឹកថ្ងៃទី២០ ខែតុលា កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈ ចម្ងាយមធ្យមដែលអាចបាញ់ទៅដល់គោល ដៅនៅលើកោះ Guam របស់អាមេរិក។

មេបញ្ជាការកងទ័ពអាមេរិកបានប្រកាស ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ខែតុលាកូរ៉េខាង ជើងបានបាញ់មីស៊ីលចេញពីទីក្រុង Kusong ស្ថិតនៅភាគខាងលិចប្រទេសនេះ។កាំជ្រួចមីស៊ីលដែលបាញ់នោះជាប្រភេទ Musudan ដែលអាចបាញ់បានចម្ងាយជិត៣.០០០គីឡូម៉ែត្រគឺគ្រប់គ្រាន់ទៅដល់កោះ Guam របស់អាមេរិក។

ប៉ុន្តែទីបញ្ជាការការពារនៅភាគខាង ជើងអាមេរិកបានបញ្ជាក់ថា ការបាញ់សាក ល្បងលើកនេះមិនទទួលបានជោគជ័យនោះឡើយ ក្រោយពេលកាំជ្រួចបានហោះចេញពីជើងទម្រ។

នេះជាការសាកល្បងលើកទីពីររបស់ កូរ៉េខាងជើងក្នុងរយៈពេលមិនដល់មួយ សប្តាហ៍ផង។ ក្នុងថ្ងៃជាមួយគ្នានោះដែរអាមេរិកនិងកូរ៉េខាងត្បូងបានសម្រេចព្រមព្រៀងគ្នាបង្ខំឲ្យកូរ៉េខាងជើងត្រូវតែបញ្ចប់សកម្មភាពសាកល្បងគ្រាប់បែកបរមាណូជាបន្តទៀត។

ការសាកល្បងមីស៊ីលលើកនេះក្រោយពេលដែលអាមេរិកនិងកូរ៉េខាងត្បូងព្រមទាំងជប៉ុនបានឯកភាពគ្នាសហការទប់ទល់ នឹងកូរ៉េខាងជើង។ ទន្ទឹមនឹងនោះក៏បាន អំពាវនាវឲ្យទីក្រុងព្យុងយ៉ាងរក្សាការអត់ ធ្មត់មិនត្រូវមានសកម្មភាពខ្វះការទទួល ខុសត្រូវនោះឡើយ។

នៅក្នុងសេចក្តីប្រកាសមេបញ្ជាការកងទ័ពអាមេរិក លោក Joseph F. Dunford និងសមភាគីកូរ៉េខាងត្បូង លោក Lee Sun Jin ព្រមទាំងជប៉ុន លោក Katsutoshi Kawano បានឈានដល់កិច្ចព្រមព្រៀងខាង លើនៅក្នុងជំនួបពិភាក្សាត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីយោធាប្រទេសទាំងបីក៏បានពិភាក្សា ទៅលើការសាកល្បងគ្រាប់បែកបរមាណូ របស់កូរ៉េខាងជើងលើកទី៥ក៏ដូចជាគម្រោង សាកល្បងជាបន្តទៀត។

មន្ត្រីយោធាប្រទេសទាំងបីបានបញ្ជាក់ថា ការសាកល្បងគ្រាប់បែកបរមាណូគឺជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ ប្រទេសទាំងនេះនឹងសហការយ៉ាងជិតស្និទ្ធ បំផុតសម្រាប់ទប់ទល់សកម្មភាពរបស់កូរ៉េខាងជើង។

កិច្ចសហការរបស់ប្រទេសទាំងបីកើតឡើងក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃអាច ផ្ទុះសង្គ្រាមកើតឡើងគ្រប់ពេលវេលា។

កន្លងមកថ្មីៗអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមដែលមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោក និងជើងអាកាសដោយមានយុទ្ធសាស្ត្របង្កការភ្ញាក់ ផ្អើលនោះគឺ «គម្រោងធ្វើឃាតមេដឹកនាំកូរ៉ េខាងជើងនិងគ្រប់គ្រងកម្មវិធីបរមាណូ»។

ការធ្វើសមយុទ្ធស្ថិតនៅក្នុងដែនសមុទ្រ ប្រទេសជប៉ុនដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងក្រុមនាវាចម្បាំងជាច្រើនគ្រឿងទៀត។ ការធ្វើសមយុទ្ធរយៈពេល៦ថ្ងៃមាន ឈ្មោះថា « Invincible Spirit » ចាប់ផ្តើម នៅថ្ងៃចន្ទខាងមុខដោយមានការចូលរួមពីនាវាមុជទឹក កាំជ្រួចមីស៊ីល និងអាវុធជា ច្រើនទៀត។

នៅក្នុងការធ្វើសមយុទ្ធនោះមានទាំង គម្រោងធ្វើឃាតមេដឹកនាំ គីម ជុងអ៊ុន ក្នុងករណីមានការធ្វើបាតុកម្មកើតឡើងនៅ ទីក្រុងព្យុងយ៉ាង។

ព័ត៌មានខាងលើបានផ្សព្វផ្សាយក្រោយ ពេលដែលកូរ៉េខាងជើងបានត្រៀមលក្ខណៈ សាកល្បងគ្រាប់បែកបរមាណូជាថ្មីម្តងទៀត។ កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦ និងលើក ទី៥នៅឆ្នាំ២០១៦ដោយយកហេតុផលការ ពារជាតិ ។

ការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងបាន លុះត្រាណាតែមានការវាយប្រហារចូលទីក្រុងព្យុងយ៉ាងនោះអាចសម្លាប់លោក គីម ជុងអ៊ុន បានដោយសារតែលោកមានការការពារយ៉ាងតឹងតែង ហើយរាល់ពេលធ្វើ ដំណើរទៅណាមកណាគឺរក្សាជាការសម្ងាត់ អ្នកមិនស្គាល់ពិបាកក្នុងការចូលកៀក។

ការធ្វើឃាតបានលុះត្រាតែអ្នកដែលជិត ស្និទ្ធបំផុតដែលអាចចូលទៅកៀកបាន។

ក្រោយការប្រហារជីវិត និងដកតំណែងមន្ត្រីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលបានធ្វើឲ្យមន្ត្រីជាច្រើនក៏មិនពេញចិត្តនឹងលោកគីម ជុងអ៊ុន នោះដែរ ប៉ុន្តែមិនហ៊ាននិយាយ។ ទាំងនោះគឺជាឱកាសសម្រាប់ការក្រោកឈរ ឡើងប្រឆាំងនឹងរដ្ឋាភិបាល គីម ជុងអ៊ុន ។

អ្វីដែលគេចាប់អារម្មណ៍នោះគឺប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ បានប្រកាសថា នឹងបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋ និងមន្ត្រីកូរ៉េខាងជើងដែល ភៀសខ្លួនមកកូរ៉េខាងត្បូងរស់នៅបាន សុខស្រួល ផ្តល់ការងារធ្វើ ជួយឲ្យជីវភាព កាន់តែប្រសើរឡើង។ ជាមួយគ្នានោះលោក ស្រី ក៏បានអំពាវនាវឲ្យពលរដ្ឋ រួមទាំងយោ ធាផងដែរ ភៀសខ្លួនមកកូរ៉េខាងត្បូងនឹង ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះលោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈនោះឡើយនៅក្នុងព្រឹតិ្តការណ៍ ធំ ដូចជាខួបថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើងជាដើម។ ទាំងនោះហើយបានជាអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន បានលាក់ខ្លួនខ្លាចរង ការធ្វើឃាតនៅពេលដែលស្ថានភាពនៅក្នុង ប្រទេសច្របូកច្របល និងពលរដ្ឋជាច្រើនដែលរងគ្រោះដោយទឹកជំនន់មិនទទួលបាន ការមើលថែយកចិត្តទុកដាក់ពីរដ្ឋាភិបាល។

រាល់ពេលដែលមានការធ្វើសមយុទ្ធ ឬ សកម្មភាពប្រឆាំងនឹងកូរ៉េខាងជើងនោះ ប្រទេសនេះតែងតែសាកល្បងមីស៊ីលឬគ្រាប់បែកបរមាណូដើម្បីតបតទៅនឹងសកម្ម ភាពទាំងនោះ។ នៅពេលថ្មីៗ នេះដែរ កូរ៉េខាងត្បូងបានបញ្ជាក់ថាកូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ ដោយប្រទេសនេះមាន សកម្មភាពជាសម្ងាត់នៅតំបន់សាកល្បងគ្រាប់បែកបរមាណូក្រោមដី៕ ម៉ែវ សាធី

north-korea-ballistic-missile


ចែករំលែក៖