ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវវែកមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះហាងលក់មីហិល លួចយកទ្រព្យសម្បត្តិ នៅសង្កាត់ទួលសង្កែទី១

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលហាងលក់មីហិលយីហោ SEOUL ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ត្រង់ចំណុចផ្លូវបេតុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី។

ជនសង្ស័យទាំង២នាក់ រួមមាន ឈ្មោះ សៅ រ័ត្នសុគន្ធ អាយុ២៧ឆ្នាំ និងឈ្មោះ រស់ ស្រីម៉ៅ អាយុ៣០ឆ្នាំ ដែលសុទ្ធតែមានមុខរបរមិនពិតប្រាកដ ហើយត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមានម៉ូតូម៉ាក TODAY ពណ៌ផ្កាឈូក គ្មានផ្លាកលេខ និងធុងបាសម៉ាក JBL ចំនួន១គ្រឿង ដែលត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ព្រមទាំងម៉ូតូម៉ាក SIRUS ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1T-0393 ដែលជាមធ្យោបាយប្រើប្រាស់ក្នុងការធ្វើសកម្មភាព។

ដោយឡែក សម្ភារៈដែលជនរងគ្រោះបាត់បង់ រួមមាន ម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MJ-6602 និងម៉ាស៊ីន FOOD PANDA ចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួកដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕


ចែករំលែក៖