ខេត្តស្វាយរៀង៖ អភិបាលរងខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន ៤ទីតាំង ឃាត់ខ្លួនសរុប២១នាក់ស្ថិតនៅ ក្រុងបាវិត។
ជាក់ស្តែង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក សេង សីលា និង លោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួល ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន ៤ទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
ក្នុងនោះ ដោយមានការចូលរួមពី លោកអភិបាលក្រុងបាវិត ដឹកនាំគណៈបញ្ជាការឯកភាពក្រុង លោកនាយករងរដ្ឋបាលក្រុង និងលោកមេភូមិបាវិតលើ។
អាជ្ញាធរបញ្ជាក់ថា ទីតាំងទី១ ផ្ទះលោកស្រី ប៉ែន ចាន់រ៉ី ជួលឲ្យជនជាតិចិនជួលស្នាក់នៅ ប៉ុន្តែជាក់ស្តែងព៉ំមានជនជាតិចិនស្នាក់នៅ។
ទីតាំងទី២៖ បន្ទប់ជួលលោកស្រី កោដ បញ្ញា មានជនជាតិឥណ្ឌូនេស៊ីជួលស្នាក់នៅ សរុបចំនួន ៤នាក់ ស្រី ៣នាក់។
ជនជាតិបរទេសខាងលើមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។ ទីតាំងទី៣ ផ្ទះលោក ទិត សុផុន សង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ១០នាក់ ស្រី ៣នាក់ ជនជាតិឥណ្ឌូនេស៊ី ៧នាក់ ស្រី ១នាក់ និងហ្វីលីពីន ៣នាក់ ស្រី ២នាក់។ វត្ថុតាងរួមមាន អាយផេត ១គ្រឿង និងទូរសព្ទដៃ ១៩គ្រឿង។
ទីតាំងទី៤ ផ្ទះវីឡាសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៧នាក់ ជនជាតិចិន ២នាក់ និងជនជាតិវៀតណាម ៥នាក់។
វត្ថុតាងរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ១៧គ្រឿង ថេបប្លេត ៤គ្រឿង អាយផេត ១គ្រឿង
និងរថយន្តម៉ាកស៊ើដេស ពណ៍ ស ១គ្រឿង ស្លាកលេខ ភ្នំពេញ 2CA-0670។
ជនបរទេសខាងលើ រួម នឹងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីអនុវត្តនីតិវិធីបន្ត ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទជាបណ្តោះអាសន្នផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច