ព័ត៌មានទាន់ហេតុការណ៍៖

ស្កុតឡែនចង់ចាប់ផ្តើម World Cup 2026 ជាមួយជ័យជម្នះទល់នឹងហៃទីមុនប៉ះជើងខ្លាំង ម៉ារ៉ុក និងប្រេស៊ីល

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិស្កុតឡែន Steve Clarke បានបញ្ជាក់ថា ខ្សែបម្រើឆ្នើម Scott McTominay បានជាសះស្បើយពីជំងឺក្រពះពោះវៀន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតបើកឆាក FIFA World Cup ទល់នឹងក្រុម ហៃទី នៅថ្ងៃសៅរ៍នេះ។

លោក Clarke បាននិយាយថា៖ «គាត់ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត»។

McTominay វ័យ ២៩ ឆ្នាំ កំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៤ គ្រាប់គ្រប់កម្មវិធីប្រកួតទាំងអស់ឱ្យក្លឹប Napoli ដែលបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Serie A។

ខ្សែបម្រើរូបនេះបានក្លាយជាវីរបុរសរបស់អ្នកគាំទ្រស្កុតឡែន បន្ទាប់ពីស៊ុតបាល់បកក្រោយយ៉ាងអស្ចារ្យ ក្នុងជ័យជម្នះ ៤-២ លើក្រុមជម្រើសជាតិដាណឺម៉ាក កាលពីខែវិច្ឆិកាឆ្នាំមុន ដែលជួយឱ្យស្កុតឡែនមានកៅអីនៅ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៨។

McTominay ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងតួនាទីជាច្រើនសម្រាប់ជម្រើសជាតិស្កុតឡែន ប៉ុន្តែនៅ World Cup លើកនេះ គេត្រូវបានរំពឹងថានឹងលេងជាខ្សែបម្រើប្រយុទ្ធ។

ស្កុតឡែនត្រូវការចាប់ផ្តើមការប្រកួតឱ្យបានល្អ ខណៈពួកគេសង្ឃឹមថានឹងឆ្លងផុតវគ្គចែកពូល World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

បន្ទាប់ពីជួបហៃទី ពួកគេនឹងត្រូវប៉ះក្រុមខ្លាំងៗដូចជា ម៉ារ៉ុក និងប្រេស៊ីល ដែលស្ថិតក្នុងចំណោមក្រុមល្អបំផុតលើពិភពលោក។

ស្កុតឡែនបានឡើងមកកាន់ការប្រកួត World Cup លើកនេះ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ Euro ពីរលើកជាប់គ្នា ប៉ុន្តែមិនអាចឆ្លងផុតវគ្គចែកពូលបានឡើយ៕


ចែករំលែក៖