ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ផ្តើមបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល ៣ ថ្ងៃ នៅប្រទេសចិន តាមការគ្រោងទុក។
លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម វាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចថា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញសន្ទុះថ្មីមួយ ប្រកបដោយថាមវន្ត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីដ៏រស់រវើក និងពោរពេញដោយយុទ្ធសាស្ត្រ កម្រិតខ្ពស់។
«ខ្ញុំមានជំនឿថា ដំណើរទស្សនកិច្ចរបស់ប្រមុខស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា នៅពេលនេះ មិនត្រឹមតែ ជាការបន្តពង្រឹងគ្រឹះនៃស្ពាន”មិត្តភាពដែកថែប” ដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ឬ Political Trust។ ជាង នេះទៅទៀត វាក៏ជាការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាននូវ “ការអភិវឌ្ឍប្រកបដោយគុណ ភាពខ្ពស់ និងស្តង់ដារខ្ពស់” នៅក្នុងយុគសម័យថ្មី។ តាមរយៈទស្សនវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពល ក្នុងការតម្រង់ទិសដៅយុទ្ធសាស្ត្ររួម ដើម្បីធានាផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជាតិ ទាំងសងខាង និងឆ្លើយតបទៅនឹងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយតំបន់ និងសកលលោក យ៉ាងមានប្រសិទ្ធភាព»។
លោកបណ្ឌិត កៅ មុយថង អ្នក បានបន្តរៀបរាប់ អំពីទិដ្ឋភាព ចំនួន៤ សំខាន់ៗ រួមមាន៖
«១. ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនង ៦៨ឆ្នាំ
បើយើងក្រឡេកមើលប្រវត្តិសាស្ត្របន្តិច ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានរីកចម្រើន កាន់តែខ្លាំងឡើង និងមានលក្ខណៈយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ នេះ។ ជាក់ស្តែង នៅខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនង ការទូតផ្លូវការរវាងកម្ពុជា និងចិន។
តាំងពីដើមមករហូតដល់រយៈពេល៦៨ឆ្នាំនេះ ប្រទេសចិននិងកម្ពុជា តែងតែជួយគ្នាទៅវិញទៅ មក និងរួមសុខរួមទុក្ខជាមួយគ្នា។ ដូចដែលឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជិនភីង ធ្លាប់បានលើកឡើង អីចឹងថា៖ ទំនាក់ទំនងរវាងចិននិងកម្ពុជា មានភាពជិតស្និទ្ធពិសេស ហើយក៏មានមនោសញ្ចេតនា ជា ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅបំផុត។ ភាពរីកចម្រើននេះ ត្រូវបានស្តែងឡើងតាមរយៈការដំឡើងកម្រិត ទំនាក់ទំនងជាបន្តបន្ទាប់ ដូចជា៖
• ឆ្នាំ២០១០៖ យើងបានក្លាយជា «ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
• ឆ្នាំ២០១៩៖ យើងបានចាប់ផ្តើមបង្កើត «សហគមន៍វាសនារួម កម្ពុជា-ចិន»។
• ឆ្នាំ២០២៣៖ ទំនាក់ទំនងត្រូវបានដំឡើងទៅជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលផ្តោត លើវិស័យអាទិភាពចំនួន៦ ព្រមទាំងការជំរុញ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រក របៀងមច្ឆានិងអង្ករ»។
• និងឆ្នាំ២០២៥ កន្លងទៅនេះ៖ ទំនាក់ទំនងនេះត្រូវបានពង្រីកកម្រិតបន្ថែមទៀត ក្លាយជា «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។
ដូច្នេះ ដំណើរទស្សនកិច្ចនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញក្របខណ្ឌទំនាក់ ទំនង និងយន្តការទ្វេភាគីដែលមានស្រាប់ ដូចជាយន្តការ “៣+៣” ឱ្យកាន់តែរីកចម្រើន និងលេចចេញ ជាលទ្ធផលជាក់ស្តែងបន្ថែមទៀត ជាពិសេសលើវិស័យការទូតសភា និងការសម្របសម្រួលគោល នយោបាយម៉ាក្រូ។
២. តួនាទីក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
ទន្ទឹមនឹងនេះដែរ ប្រទេសទាំងពីរមានតួនាទីដ៏សំខាន់ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ អនុតំបន់មេគង្គ-ឡានឆាង (LMC)។ ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការប្រកបដោយ “អភិបាល កិច្ចល្អ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” គឺជាសសរទ្រូងដ៏រឹងមាំ ក្នុងការជួយជំរុញវិបុលភាព ស្ថិរភាព និងចីរភាពនៃអាងទន្លេមេគង្គទាំងមូល។
យន្តការនេះមិនត្រឹមតែផ្តោតលើការគ្រប់គ្រងសន្តិសុខប្រភពទឹក និងការការពារបរិស្ថានប៉ុណ្ណោះ ទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធ ភស្តុភារកម្ម (Logistics) ក្នុងតំបន់ផងដែរ។ ជាក់ស្តែង ការផ្សារភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់ចិន ជាមួយនឹង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា នឹងជួយពន្លឿនការអភិវឌ្ឍ ច្រករបៀងសេដ្ឋកិច្ច ការតភ្ជាប់បណ្តាញដឹកជញ្ជូនពហុទម្រង់ ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថលឆ្លងកាត់ ព្រំដែន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងបំប្លែងអនុតំបន់មេគង្គ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចដែល មានភាពធន់ ភាពប្រកួតប្រជែងខ្ពស់ និងជាគំរូនៃការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ភូមិភាគ អាស៊ីអាគ្នេយ៍។
៣. ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម
បើនិយាយពីចំណងសេដ្ឋកិច្ចវិញ កម្ពុជានិងចិន គឺជាតំណភ្ជាប់យុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងខ្សែ ច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ជាពិសេសតាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀង RCEP។
បច្ចុប្បន្ន ប្រទេសចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់ និងជាប្រភពវិនិយោគទុន បរទេស (FDI) ឈានមុខគេរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងជាបង្អែកដ៏រឹងមាំ ក្នុងការជួយគាំទ្រដល់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។ ការណ៍នេះធ្វើឡើងតាមរយៈការ ជំរុញយន្តការកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម និងការនាំចេញរបស់ កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
៤. ការទូតបុរេសកម្ម និងចក្ខុវិស័យទៅអនាគត
ជាចុងក្រោយ ខ្ញុំសូមពិពណ៌នាថា នេះជា “ការទូតបុរេសកម្ម” ដែលស្តែងឱ្យឃើញពីស្មារតីម្ចាស់ ការខ្ពស់ និងចំពេលវេលាដ៏សមស្របបំផុត។ ជំហរការទូតដ៏រឹងមាំ និងការខិតខំប្រឹងប្រែងលើការស្រាវ ជ្រាវ ការបង្កើតចក្ខុវិស័យរបស់ស្ថាប័នស្រាវជ្រាវគោលនយោបាយ ឬ Think Tanks របស់កម្ពុជា បាន ពង្រឹងតួនាទី និងកិត្យានុភាពរបស់កម្ពុជា ក្នុងការដើរតួជាស្ពានចម្លងការទូត និងជានិម្មាបនករសន្តិភាព ដ៏សំខាន់មួយនៅក្នុងតំបន់ ក៏ដូចជាក្នុងក្របខណ្ឌអាស៊ានទាំងមូល។
ផ្អែកលើមូលដ្ឋាននេះ ខ្ញុំរំពឹងថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ បរិយាបន្ន និងស៊ីជម្រៅក្រោម ក្របខណ្ឌ “មិត្តភាពដែកថែប” រវាងកម្ពុជា និងចិន នឹងមិនត្រឹមតែបម្រើដល់ផលប្រយោជន៍ជាតិ និង ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកយ៉ាងធំធេង និងមិនអាចខ្វះបាន ដល់ការ រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងវិបុលភាពរួម នៅក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូលផងដែរ»៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច