ភ្នំពេញ៖ លោក ដានីញ៉ែល រូស្ហែល ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហ រដ្ឋអាមេរិកនឹងមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នេះដើម្បីចូលរួមកិច្ចប្រជុំជាមួយបណ្ដា ប្រទេសដែលជាសមាជិកនៃគំនិតផ្ដួច ផ្ដើមអ្នកដឹកនាំ អាស៊ីអាគ្នេយ៍វ័យក្មេងដែលហៅកាត់ជា ភាសាអង់គ្លេសថា YSEALI។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត អាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ។
នៅអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវ ការនៅកម្ពុជានេះលោក ដានីញ៉ែល រូស្ហែល ក៏នឹងឡើងថ្លែងពាក់ព័ន្ធនឹងបញ្ហាមួយ ចំនួន ហើយក៏នឹងឆ្លើយចំពោះសំណួរ ដែលអ្នកស្ដាប់អាចសួរទៅកាន់លោកផងដែរ ។
ប្រភពដដែលបានបន្តថា YSEALI ជាគំនិតផ្ដួចផ្ដើមឱ្យមានការចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាមេរិកដើម្បីពង្រឹងលើការងារអភិវឌ្ឍមគ្គុទេ្ទសក៍ភាព ឬភាពជា អ្នកដឹកនាំ និងពង្រឹងបណ្ដាញទំនាក់ទំនងនៅក្នុងចំណោមយុវវ័យដែលមានអាយុ ចាប់ពី១៨ដល់៣៥ឆ្នាំនៅក្នុងចំណោម ប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍ដែលរហូត មកទល់នឹងពេលនេះមានសមាជិកជាង១០ ម៉ឺននាក់រួចហើយនៅក្នុងបណ្ដាប្រទេស អាស៊ានទាំង១០។
ប្រភពដដែលបញ្ជាក់ថា ក្នុងឋានៈជា ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកលើកិច្ចការអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក លោកដានីញ៉ែល រូស្ហែល ក៏ជាមន្ត្រីការទូតជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលទទួលបន្ទុកលើកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕ ហេង សូរិយា