ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានថ្លែងថា សម្តេចទាំងទ្វេ មានការរំភើបរីករាយណាស់ដែលបានចូលរួមបើកកម្មវិធីប្រកួតកីឡាជាតិលើកទី១ ។
ហ្វេសប៊ុកផ្លូវការសម្តេចតេជោបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៨ ខែតុតុលាយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយារំភើបរីករាយណាស់ដែលបានចូលរួមបើកកម្មវិធីប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡាដ្ឋានអូឡាំពិកមុននេះបន្តិច។ ខ្ញុំនិងភរិយា សូមអរគុណដល់សិល្បៈករ សិលក្បៈការិនី ក្មួយៗសិស្សានុសិស្ស និងក្មួយៗជាកងទ័ពជាតិដែលបានចូលរួមសម្តែងអបអរសាទរនៅក្នុងពិធីបើកការប្រកួតកីឡាជាតិនៅថ្ងៃនេះ និងសូមអរគុណផងដែរដល់គណៈកម្មការជាតិអូឡាំពិកកម្ពុជា សហព័ន្ឋកីឡាជាតិ ក្រសួងអប់រំយុវជនកីឡា និងក្រសួងនានាដែលបានចូលរួមរៀបចំអោយមានការប្រកួតកីឡាជាតិលើកទី១ជាប្រវត្តិសាស្រ្តនេះឡើង។ ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណកីឡាករ កីឡាការិនីទាំងអស់មកពីតាម បណ្តាខេត្តក្រុងទាំង២៥ ដែលបានចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។
ខ្ញុំពិតមានមោទនៈភាពចំពោះសមត្ថភាពរបស់ក្មួយៗកីឡាករ និងកីឡាការិនីទាំងអស់ ហើយខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថាក្មួយៗអាចធ្វើបាន ជាពិសេសក្នុងការដណ្តើមជោគជ័យ ទាំងនៅក្នុងការប្រកួតថ្ងៃនេះ និងនៅថ្ងៃប្រកួតកីឡាស៊ីហ្គេម ២០២៣ ខាងមុខ។
សូមជូនពរកីឡាករ កីឡាការិនី និង លោកគ្រូបង្វឹកទាំងអស់ទទួលបានជោគជ័យ ដើម្បីនាំមកនូវកិត្យានុភាព និងមោទ នៈភាពសម្រាប់ជាតិខ្មែរទាំងមូល» ៕