ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ ផ្តល់ថវិកាផ្ទាល់ខ្លួន ១០.០០០ ដុល្លារ ដល់សហគមន៍កសិករ កុយម៉ែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៩ ខែតុលា បានឲ្យដឹងថា ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ឲ្យតម្លើងម៉ាស៊ីនបូមទឹក ០២ គ្រឿង នៅចំណុចឃុំកុយម៉ែង ដើម្បីបូមទឹកចេញ ហើយបំផុសឲ្យបងប្អូនប្រជាកសិករនៅតំបន់នោះ ចាប់ផ្តើមបង្កបង្កើនផលស្រូវប្រាំង ។

សូមបញ្ជាក់ជូនថា ដីស្រែនៅឃុំកុយម៉ែង ជាតំបន់ទំនាប ប្រមូលទឹកពីតំបន់ផ្សេងៗ ហើយរហូតដល់ចុងខែវិច្ឆិកា ឬដើមខែធ្នូ ទើបទឹកស្រកផុត និងអាចចាប់ផ្តើមធ្វើស្រែប្រាំងបាន ។ ការធ្វើរបៀបនេះ នាំឲ្យស្រូវប្រឈមនឹងកង្វះខាតទឹករាល់ឆ្នាំ នៅពេលជិតប្រមូលផល ។ ដើម្បីដោះស្រាយការប្រឈមនេះ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ទីរតម្លើងម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០២ គ្រឿង បូមទឹកចេញ ហើយបំផុសប្រជាកសិករឲ្យចាប់ផ្តើមការងារស្រូវប្រាំងប្រដេញទឹក ជំនួសឱ្យការធ្វើតាមទម្លាប់ពីមុនមកវិញ ។ ការប្តូរពេលវេលាក្នុងការដាំដុះរបៀបនេះ ស្រូវបងប្អូនប្រជាកសិករនឹងមិនប្រឈមនឹងកង្វះខាតទឹកនាចុងរដូវ ដូចពេលកន្លងមកឡើយ ។

ក្នុងឱកាសនោះផងដែរ ដោយពិនិត្យឃើញថា ប្រជាកសិករ ដែលនៅម្ខាងនៃភ្លឺប្រឡាយជួបការលំបាកក្នុងការដឹកជញ្ជូនកសិផល (ព្រោះជាទូទៅភ្លឺប្រឡាយក្រាលគ្រួសក្រហមតែម្ខាង) លោករដ្ឋមន្ត្រី បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ១០.០០០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីយកទៅរៀបចំភ្លឺប្រឡាយម្ខាងទៀត ឲ្យក្លាយជាផ្លូវលំក្រាលគ្រួសក្រហម ងាយស្រួលដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករ ៕

5 1 2 3 4


ចែករំលែក៖