ភ្នំពេញ ៖ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុគម្រប់៣ឆ្នាំហើយ។ រយៈពេល៣ឆ្នាំដំបូងនេះ រាជរដ្ឋាភិបាលបន្តដឹកនាំនិងអភិវឌ្ឍប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបន្សល់ទុកដោយអ្នកដឹកនាំរាមច្បង និងបានសម្ពោធបើកការដ្ឋាន ឬដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល អាកាសយានដ្ឋានអន្តរជាតិលំដាប់ស្តង់ដាខ្ពស់ មជ្ឈមណ្ឌលភស្តុភារកម្មចម្រុះ កំពង់ផែសមុទ្រទឹកជ្រៅ ព្រែកជីក បណ្តាញដឹកជញ្ជូនតាមផ្លូវគោក-ទឹក-អាកាស និងសមិទ្ធផលជាច្រើនទៀត ដូចជា៖ «មន្ទីរពេទ្យជាតិតេជោសន្តិភាព»ដែលជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជាដែលមានឧបករណ៍ទំនើបៗនិងដែលអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាងមួយម៉ឺននាក់សម្រាកនិងព្យាបាល។ «អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ» ដែលជាប្រភេទធំកម្រិត 4E។ «កំពង់ផែពហុបំណងកំពត» ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា។ ការសម្ពោធបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងដ៏ធំមហិមាមួយ និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដើម្បីលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ។ «ស្ពានអាកាសមរតកតេជោ» ដែលអាចដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ។ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ដែលបានរួមចំណែកតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់បណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់។ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ខ្ពស់កម្រិត 4F និង«អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ» ដើម្បីគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ ជាដើម។
ការសម្ពោធជាផ្លូវការនៃ«វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជាក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក៏ជាសមិទ្ធផលដ៏ធំ និងនឹកស្មានមិនដល់មួយទៀត ដែលលេចចេញជារូបរាងនៅក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ការចេញជារូបរាងនូវសមិទ្ធផលធំៗដែលមិននឹកស្មានដល់ទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការបន្តវេនដោយសុខសន្តិភាព និងការបន្តអភិវឌ្ឍន៍ប្រទេសឈរលើមូលដ្ឋានដែលរាមច្បងជំនាន់មុនបានកសាងហើយបន្សល់ទុក និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបន្តវេនដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។
ក្រៅពីនោះ នៅមានសមិទ្ធផលច្រើនរាប់មិនអស់ផ្សេងទៀត ក្នុងគ្រប់វិស័យដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ សមិទ្ធផលទាំងអស់នោះកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាអំណោយផលសម្រាប់ការអភិវឌ្ឍន៍។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយកងកម្លាំងថៃឱ្យទៅជាដំណោះស្រាយការទូតយ៉ាងឆាប់រហ័ស តាមរយៈការងារការទូតសកម្មនិងរហ័សរហួន ដោយមានការឆ្លើយតបនិងការជ្រោមជ្រែងពីភាគីអន្តរជាតិជាពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងអាស៊ាន។ ដំណោះស្រាយបញ្ហាជនភៀសសឹកក៏ត្រូវបានធ្វើឡើងយ៉ាងលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ និងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។
រាជរដ្ឋាភិបាលប្រកាន់ជំហរការទូតបែបចាស់ទុំ ត្រឹមត្រូវ និងស្របតាមជំហររបស់សហគមន៍អន្តរជាតិ ពោលគឺការដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការនិងកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ចំណែកឯកម្លាំងមហាសាមគ្គីជាតិខ្មែរនៅតែរក្សាបានយ៉ាងរឹងមាំ ពោលគឺប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋាននៅតែស្រាក់ដៃគ្នាយ៉ាងរឹងមាំដើម្បីការពារគុណតម្លៃសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីនិងការពារពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ ទាំងនេះគឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាឆ្ពោះទៅរកដំណោះស្រាយ។
សរុបមកវិញ រយៈពេល៣ឆ្នាំដំបូងនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបង្ហាញភាពរឹងមាំ និងរក្សាបាននូវវឌ្ឍនភាពគ្រប់វិស័យក្នុងជំហានឆ្ពោះទៅសម្រេចចក្ខុវិស័យដែលបានគ្រោងទុក បើទោះជាមានឧបសគ្គធំៗនៅចំពោះមុខ ដូចជា សង្គ្រាមឈ្លានពានទឹកដីពីកងកម្លាំងថៃ ការប្រយុទ្ធប្រឆាំងអនឡាញស្គេម ផលប៉ះពាល់ដែលបង្កឡើងពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកលក៏ដោយ។
ការរក្សាបានសុខសន្តិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពសង្គមនយោបាយ និងការសម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់ គឺជាលទ្ធផលនៃការបន្តវេនដោយសុខសន្តិភាពនិងការបន្តអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអ្នកដឹកនាំរាមច្បងដែលបានបន្សល់ទុក។ លើសពីនេះ ភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពនិងទេពកោសល្យខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការតាំងចិត្តខ្ពស់របស់មន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រ ការផ្តល់ទំនុកចិត្ត និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីវិស័យឯកជននិងគ្រប់តួអង្គពាក់ព័ន្ធនានាក្នុងសង្គម គឺជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលដែលមិនអាចប្រកែកបាន៕
ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច