ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកសំឡូត ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចជ័រកៅស៊ូ

ចែករំលែក៖

 

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទីព្រឹក ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ មាស ស៊ីថាវ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ថាមានជនមិនស្គាល់អត្តសញ្ញាណ បានចូលលួចជ័រកៅស៊ូពីក្នុងចម្ការរបស់ខ្លួន។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះស្រាវជ្រាវរហូត ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ឈានដល់ការកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ អង បូរី ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំឡូត។

ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចជ័រកៅស៊ូ របស់ជនរងគ្រោះប្រាកដមែន។ វត្ថុតាងដកហូតរួមមាន៖ ជ័រកៅស៊ូចំនួន ១៤៦គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកសំឡូត កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖