ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិសង្ខេបនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជារបស់ព្រះមហាវីរក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរព្រះ ករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតន កោដ្ឋ» ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង។ ដើម្បីចូល រួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបលើកទី៦៣ សារព័ត៌មាននគរវត្តសូមចុះផ្សាយនូវប្រវត្តិសង្ខេបដូចតទៅ៖

១-តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រ កម្ពុជា។

២-ជាគោលការណ៍តាមផ្លូវច្បាប់ឯក រាជ្យនេះយើងទទួលបានមែន ប៉ុន្តែចំពោះ ការអនុវត្តជាក់ស្តែងឯករាជ្យនេះនៅខ្វះ វិស័យជាច្រើនទៀតដូចជាអធិបតេយ្យ ខាងយុត្តិធម៌ ប៉ូលិស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធន ប័ត្រដើម្បីឱ្យមានឯករាជ្យទាំងស្រុង ។

៣-តាមសេចក្តីប្រកាសថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបាន សន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ ព្រះអង្គថាព្រះអង្គនឹងដណ្តើមយកឯករាជ្យ ទាំងស្រុងនេះដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត ។

៤-នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះ កុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានស្តេចយាងចាកចេញពីព្រះរាជាណា ចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រមុខរដ្ឋបារាំង ។

៥-នៅណាពូល ថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩៥៣ ព្រះកុរណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានផ្ញើព្រះរាជសារមួយ ច្បាប់ជូនចំពោះលោក វាំងសង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតីសាធារណ រដ្ឋបារាំងដឹងពីភាពចាំបាច់សំដៅធ្វើឱ្យ បារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់ នឹងព្រះរាជសារនេះមានការសិក្សាគ្រប់ គ្រាន់ដោយទឡ្ហីករណ៍សម្អាងបញ្ជាក់អំពី ការទាមទាររបស់សម្តេចនិងការផ្តល់យោបល់ពីបែបបទនៃការផ្ទេរអំណាចជាយថាហេតុ ។ នៅណាពូលថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៥៣ បន្ទាប់មកនៅហ្វុងតែន ណាប្លូ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បាន សរសេរព្រះរាជសារលិខិតចំនួន២ច្បាប់បន្ត ទៀតផ្ញើជូនលោក វាំងសង់ អូរីយ៉ូល និងរដ្ឋាភិ បាលបារាំងដើម្បីបំពេញបន្ថែមលើទស្សនៈ របស់ព្រះអង្គ ដែលទាក់ទងនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ ។

៦-នៅចំពោះមុខការលាក់លៀមរបស់ រដ្ឋាភិបាលបារាំង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ បានយាង ចាកចេញពីប្រទេសបារាំងនៅថ្ងៃទី១១ ខែ មេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេស កាណាដា និងសហរដ្ឋអាមេរិកដែលនៅ ទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្តី ថ្លែងការណ៍របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ត្រូវបានចុះផ្សាយ ដោយកាសែតដ៏ធំញូវយ៉កថែមនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារ ពេញពិភពលោកទាំងមូល ហើយបានបង្ខំ ឱ្យរដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើ ការចរចាជាមួយតំណាងផ្ទាល់របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ តំណាងនេះគឺលោក ប៉ែន នុត ដោយមានការចូលរួមពី លោក សម សារី ផង ។

៧-ការចរចានៅប៉ារីសបានឈានទៅ ដល់សំណើមួយដែលធ្វើឡើងដោយមានប្រទេសបារាំងយល់ព្រមផ្តល់សម្បទាន ដ៏សំខាន់ខ្លះដល់កម្ពុជា ។ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ១៩៥៣ លោក ប៉ែន នុត បាន អញ្ជើញវិលត្រឡប់មកកាន់កម្ពុជាវិញដើម្បី ទួលថ្វាយព្រះមហាក្សត្រអំពីលទ្ធផល ដែលទទួលបាននៅប៉ារីស។ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បាន យាងមកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជា មួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ ព្រះអង្គ ។

៨-ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គជា អ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះ ទីនាំងចន្ទឆាយាថា ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ ភាគរយ ។

៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានភៀសព្រះអង្គទៅប្រទេស ថៃក្រោយពីមានសេចក្តីប្រកាសមួយដែល ទាក់ទាញពិភពលោកស្តីពីការមិនពេញចិត្ត និងបំណងប្រាថ្នាស្របច្បាប់របស់ប្រជា ជនខ្មែរ។ ការមិនពេញចិត្តនេះអាចនាំមក នូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។

១០-ក្រោយពីបានដឹងថា គ្រប់ប្រជា ជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅប្រទេស កម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងត្រឡប់មកមាតុភូមិរបស់ ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ ស្វយ័តមួយដែលរួមមាន ខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ធំ។ ស្វយ័តភាព ផ្នែកយោធានៃខេត្តទាំងនេះត្រូវបាន ប្រគល់ឱ្យប្រទេសកម្ពុជាដោយមានការ ទាមទារមួយរបស់ព្រះរាជាដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀម រាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង។ ព្រះករុណាព្រះ បាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ បានប្រកាសថាព្រះអង្គនឹងយាងចូលរាជធានី ភ្នំពេញវិញនៅពេលណាដែលបារាំងព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតនភ័ណ្ឌ ចុងក្រោយនៃឯករាជ្យរបស់ខ្លួន។ ដើម្បី គាំពារព្រះរាជបូជនីយកិច្ចនេះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ បានបង្កើតកងកម្លាំងជីវពល និងនារី ក្លាហានដែលក្រោយមកមានតួនាទីយ៉ាងធំធេង។ លោក ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័ត របស់ព្រះរាជា ។

១១-ការចរចាដែលប្រព្រឹត្តទៅនៅក្រុងភ្នំពេញដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់លោក ប៉ែន នុត បានសម្រេចដោយជោគជ័យទាំងស្រុង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាច តុលាការ ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់ប៉ូលិសនៅចុងបញ្ចប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអធិប តេយ្យខាងយោធារបស់ប្រជារាស្រ្តខ្មែរនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយ គ្នានេះអធិបតេយ្យទាំងមូលលើផ្នែកការ ទូតត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំងនឹងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំងចំពោះ កំណត់មួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំង លេខ៣៩៣អ៊ែរ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តកិច្ចព្រមព្រៀងមានចែងក្នុង កំណត់មួយសម្រាប់រាជរដ្ឋាភិបាលដែល ប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋ បារាំងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ៦៧-ប៉េ សេ អឹម អែស អឺម)។

១២-នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចបានយាងចូលមកក្នុងរាជ ធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ៣០០ គីឡូម៉ែត្រដែលព្រះអង្គធ្វើដំណើរប្រជា រាស្រ្តខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឱ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយនៃអំណាច របស់បារាំងពីប្រទេសកម្ពុជា។ លោកឧត្តម សេនីយ៍ ឡង់ ក្លាត បានប្រគល់យ៉ាង មហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា ។ កងទ័ពនិងអគ្គសេនាធិការ របស់បារាំងបានដកថយពីព្រះរាជាណា ចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យ អចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរនឹងបារាំងត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្តភាព ខ្មែរ-បារាំងបានរលាយសាបសូន្យទាំង ស្រុងបន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពី ប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិប តេយ្យទាំងមូលរបស់កម្ពុជាលើវិស័យសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។ គណៈប្រតិភូខ្មែរដែលបញ្ជូនទៅក្រុងប៉ារីសដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដើម្បី ស្នើឱ្យរដ្ឋាភិបាល បារាំងទទួលស្គាល់ជា ផ្លូវការត្រូវដឹកនាំដោយលោក ចាន់ ណាក បន្ទាប់ពីលោកបានទទួលមរណភាពនៅ ទីក្រុងប៉ារីសនោះគណៈប្រតិភូខ្មែរត្រូវដឹក នាំដោយ លោក ញឹក ជូឡុង និងនៅចុង ក្រោយបង្អស់ដឹកនាំដោយលោក អូ ឈីន ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងចូលរួមដោយលោក សឺន សាន។

១៣-នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនៅហ្សឺណែវបានប្រព្រឹត្តទៅដោយរួមបញ្ចូលគូបដិបក្សដែលមានវិវាទនៅឥណ្ឌូចិន ។ នៅសន្និសីទ ក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូន គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរ ទេស និងមានលោក ញឹក ជូឡុង លោក សម សារី លោក នង គឹមនី លោក សឺន សាន ៘ ក្រោមការណែនាំពីព្រះមហាក្សត្របានឱ្យដឹងថា សន្និសីទប្រកាសដក ទ័ពរបស់ប្រទេសជិតខាងមួយចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាចេញ ពីសន្និសីទហ្សឺណែវនេះ «ខែកក្កដា- ១៩៥៤» ដោយគ្មានការខូចខាតអ្វីទាំង អស់។ ផ្ទុយពីប្រទេសឡាវ និងវៀតណាម ព្រះរាជាណាចក្រកម្ពុជាអាចចៀសវាងការបែងចែកទឹកដី ។

១៤-ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ យ៉ាងតិច៣ឆ្នាំទើបអាច បំពេញកិច្ចសន្យារបស់ព្រះអង្គចំពោះ ប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថាជា «ព្រះបិតាឯក រាជ្យជាតិ» ហើយតាមសំណូមពររបស់ តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សា ពិគ្រោះជាតិរដ្ឋាភិបាលបានលើកព្រះអង្គជាវីរបុរសជាតិស្របតាមព្រះមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ ៕

 

1955-sihanouks-abdication-and-the-creation-of-the-sangkum-dr-henri-locard-3-638
king-norodom-sihanouk-with-mao

316371_3955004875095_1582230487_n


ចែករំលែក៖