ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាវេលាម៉ោង១៧៖២៥នាទី ត្រង់ចំណុចភូមិចំការស្វាយ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ។
ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហេង ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល វរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានទទួលផែន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ព្រម ទាំងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។
ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនបាន ឈ្មោះ អួច បញ្ញា ហៅ (ចយ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាមុខសញ្ញាចាស់សកម្ម)។ ដកហូតសម្ភារ រួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាក Honda dream C15 ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ផ្លាកលេខ 1BJ-4724 (មធ្យោបាយធ្វើសកម្មភាព) និងកាំបិតបុ័ងតោចំនួន១។
ចំពោះទូរស័ព្ទមួយគ្រឿងម៉ាក IPhone 17 promix ពណ៌ស បានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យ និងសំណុំរឿងបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច