ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំទី១ដែលផលិតក្រោមកិច្ចសហការរវាងផលិតកម្ម មហាហង្សនឹងផលិតកម្មផ្កាប្រាំគឺរឿងបានចំណាយទុនក្នុងការផលិតប្រមាណជា ១៥ម៉ឺនដុល្លារបានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកានេះ នៅ ផ្សារទំនើបTK Avenue ក្រោមវត្តមានផលិត ករសិល្បករជាច្រើនរូបចូលរួម។
ខ្សែភាពយន្តនេះមិនត្រឹមតែមានបំណងជ្រៀតចូលទីផ្សារក្នុងស្រុកនោះទេគឺខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅរោងភាពយន្តតាមបណ្តាប្រទេសមួយចំនួនផងដែរ ពិសេសគឺប្រទេសជិតខាងនិងសហរដ្ឋអាមេរិកផងដែរ។នេះបើតាមការបញ្ជាក់របស់ លោក អុិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស។ លោកបាន ថ្លែង ថា រឿង “បណ្តឹងស្រីទាំងប្រាំ”ចូលរួមសហការថតជាមួយជនជាតិអាមេរិកបូកនឹង២ផលិត កម្មក្នុងស្រុកផ្កាប្រាំនិងមហាហង្ស ដែលក្នុងនោះបច្ចេកទេសនៃការកាត់តប្លង់ឈុតឆាកពន្លឺនានាធ្វើឡើងសម្រាប់តម្រូវទីផ្សារខ្មែរ រួមនឹងអាមេរិកតែម្តង។
លោកថាតួអង្គសំខាន់ៗរបស់រឿងនេះ មានដូចជា មាន សូនីតា, សុខ សោម៉ាវត្តី, នី មុន្នីនាថ, គៀត សុវណ្ណាឡាង, ទឹម រដ្ឋា, នេត សុចរិយា និង សូដា នីតា ជាដើម។ រឿង”បណ្ដឹងស្រីទាំង៥”ត្រូវបានចាងហ្វាងផលិតកម្មនិងអ្នកដឹកនាំសិក្សាយ៉ាងច្បាស់ពីតម្រូវការនិងភាពជឿនលឿនរបស់វិស័យភាពយន្តដែលអាចយកទៅចាក់បញ្ចាំងនៅបរទេសបានដូច្នេះទាំងតួសម្ដែងទីតាំង ថតនិងបច្ចេកទេសគ្រប់យ៉ាងគឺធ្វើឡើង ដោយភាពហ្មត់ចត់ និងច្បាស់លាស់នេះបើតាមព័ត៌មានកន្លងមក។
ចាងហ្វាងផលិតកម្មផ្កាប្រាំអ្នកស្រីពាន់ ភួងបុប្ផា បានបញ្ជាក់ថា នេះគឺជារបត់ថ្មី មួយទៀតរបស់ខ្សែភាពយន្តខ្មែរដែលមានគុណភាពស្តង់ដារសម្រាប់ប្រកួតប្រជែង។ជាអ្នកពិពន្ធ និងដឹកនាំរូបនេះនៅតែរំពឹង ខ្ពស់ថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលធ្លាប់គាំទ្រស្នាដៃរបស់អ្នកស្រីកន្លងមក ហើយទស្ស និកជនក៏មិនរំលងស្នាដៃរបស់អ្នកស្រីដែរ។ អ្នកស្រីបញ្ជាក់ថាមិនត្រឹមតែជារឿងដែលមានគុណភាព បច្ចេកទេសកាត់ត ថត និងតារាសម្តែងល្បីទេខ្សែភាពយន្តនេះក៏បង្កប់នូវទស្សនៈអប់រំជាច្រើនសម្រាប់អ្នកទស្សនាផងដែរ។ អ្វីដែលអ្នកស្រីចង់ បង្ហាញទស្សនិកជនផងដែរនោះគឺទិដ្ឋភាពដ៏ស្រស់ស្អាតនៃតំបន់ទេចចរណ៍ដ៏សម្បូរបែបមួយចំនួនរបស់កម្ពុជា។
គួរបញ្ជាក់ដែរថារឿង”បណ្ដឹងស្រីទាំង ៥” នេះគ្រោងនឹងចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខ នេះនៅតាមបណ្ដារោងភាពយន្តទំនើបនៅ រាជធានីភ្នំពេញនិងខេត្តសៀមរាបមុនបន្តឈានជើងទៅទីផ្សារអន្តរជាតិ៕ វឌ្ឍនា