ព័ត៌មានទាន់ហេតុការណ៍៖

សមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)

ចែករំលែក៖

ភ្នំពេញ៖ លោក​ សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្រទេសកាណាដា នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបើកឱកាសជូននិស្សិតកម្ពុជាដែលមានសមត្ថភាព ឈានទៅបន្តការសិក្សាថ្នាក់បណ្ឌិត (PhD) នៅគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនេះ។

សមិទ្ធផលដ៏វិសេសវិសាលនេះ គឺជាស្ពានចម្លងបញ្ញាដ៏រឹងមាំមួយទៀតរបស់សមាគម អ.ម.ត ក្នុងការពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្រអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ទទួលបានការស្រាវជ្រាវ ចំណេះដឹង និងជំនាញឯកទេសកម្រិតខ្ពស់ពីប្រទេសកាណាដា។ 

ការវិនិយោគលើបញ្ញាញាណនាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏មានអានុភាពក្នុងការកសាង «មូលធនមនុស្សប្រកបដោយសក្តានុពលខ្ពស់» ស្របតាមចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖