ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីសច្ចាប្រណិធានបំពេញនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ដើម្បីបំពេញនីតិវិធីតាមច្បាប់ និងលក្ខខណ្ឌដែលបានកំណត់។
ពិធីសច្ចាប្រណិធាននេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបំពេញនីតិសម្បទា និងការទទួលស្គាល់សមត្ថកិច្ចតាមផ្លូវច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តតួនាទី និងភារកិច្ចពាក់ព័ន្ធនឹងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
ការធ្វើសច្ចាប្រណិធាននេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ត្រីក្នុងការគោរព និងអនុវត្តច្បាប់ដោយស្មោះត្រង់ មានភាពម៉ឺងម៉ាត់ យុត្តិធម៌ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងរក្សាក្រមសីលធម៌វិជ្ជាជីវៈ មិនប្រើប្រាស់អំណាចខុសពីតួនាទី និងមិនរំលោភសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ការបំពេញនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ គឺជាកត្តាចាំបាច់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លើកកម្ពស់គុណភាពនៃការស៊ើបអង្កេត និងចូលរួមចំណែកក្នុងការធានានូវសុចរិតភាពនៃនីតិវិធីយុត្តិធម៌ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌។
ពិធីនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការគោរពច្បាប់ ការបំពេញកាតព្វកិច្ចដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តបម្រើយុត្តិធម៌ ដើម្បីចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសន្តិសុខ សណ្តាប់ធ្នាប់ និងនីតិរដ្ឋ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច