រដ្ឋធានីហាណូយ៖ វៀតណាម)៖ កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានចាប់ផ្តើមហើយរសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំដឹកនាំដោយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិក៣រូបផ្សេងទៀត រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោក សាលើមសៃ គុំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ។
កិច្ចប្រជុំកំពូល CLMV លើកទី១២ ធ្វើឡើងក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព»។ កិច្ចប្រជុំនឹងពិនិត្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។
ដោយផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបួន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហៅកាត់ថា CLMV គឺជាកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ានថ្មីទាំង៤ និងប្រទេសសមាជិកអាស៊ានចាស់ទាំង៦ ព្រមទាំងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ក្នុងខែធ្នូ ឆ្នាំ២០០៣ ដោយមានប្រទេសចំនួន៤ជាសមាជិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឡាវ។ កិច្ចប្រជុំកំពូល CLMV លើកដំបូងត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ រួមមានការពន្លឿនសមាហរណកម្មអាស៊ាន,លើកកម្ពស់ការតភ្ជាប់ និងសេដ្ឋកិច្ចក្នុងតំបន់, ការអភិវឌ្ឍធនធានមនុស្ស និងការកៀរគរជំនួយ និងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាសមាជិកទាំង៤៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច