ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យកាត់ខ្សែភ្លើង និងម៉ាស៊ីនត្រជាក់ ២ នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សូង ហុងលាង ភេទប្រុស អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្តីពីករណីចោរលួចកាត់ខ្សែភ្លើង និងម៉ាស៊ីនត្រជាក់ កាលពីវេលាម៉ោង ១៧ និង ០០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចអគារមួយកន្លែង កម្ពស់ ៣ ជាន់ ក្នុងបុរីសានហូ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើង។ ពេលម្ចាស់អគារមកទាន់ ក្រុមជនសង្ស័យបានរត់គេចខ្លួន បន្សល់ទុកម៉ូតូរបស់គេម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ ស្ទឹងត្រែង 1A-0493 ចំនួន ១ គ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចមួយចំនួន ព្រមទាំងរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ១ កញ្ចប់។

ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់

ទី១ ឈ្មោះ ចេង សំណាន (ក្តាម) ភេទប្រុស អាយុ ៣៦ ឆ្នាំ

ទី២ ឈ្មោះ ម៉ៅ បូរឹន (រើន) ភេទប្រុស អាយុ ២៦ ឆ្នាំ

ព្រមទាំងដកហូតវត្ថុតាងនៃបទល្មើសរួមមាន៖

-រណា ប្រវែង ៣០ សង់ទីម៉ែត្រ ចំនួន ១ ដើម

-កាំបិតចុងស្រួច ដងជ័រ ពណ៌លឿង ចំនួន ៣ ដើម

-កាំបិតមុខពីរ ចំនួន ២ ដើម

-កន្ត្រៃ ចំនួន ៣ ដើម

-ទួរណឺវីស ចំនួន ៣ ដើម

-កាំបិតរ៉ូត ចំនួន ១ ដើម

-កន្ត្រៃកាត់ក្រចកមុខស្រួច ចំនួន ១ ដើម

-ស្រោមសំបុត្រ ពណ៌ស បិទជិតរបស់អញ្ញាតកជន ចំនួន ១

-កាបូបស្ពាយ ចំនួន ៣

-ជំពាម ចំនួន ២ ដើម

ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ ស្ទឹងត្រែង 1A-0493 ចំនួន ១ គ្រឿង

(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវបន្ត)ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ រកឃើញមានសារធាតុញៀន (+)? លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ពិនិត្យឃើញថាពិតជាមានតម្រុយពិរុទ្ធភាពនៃបទល្មើស ជាប់ពាក់ព័ន្ធលើករណីលួចស្ថានទម្ងន់ទោស (កាត់ខ្សែភ្លើង និងខ្សែម៉ាស៊ីនត្រជាក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖