នៅពេលនេះដើម្បីបញ្ចប់វិបត្តិនយោ បាយដែលធ្វើឲ្យកិត្តិយសរបស់លោកស្រីប្រធានាធិបតី ផាក គៀនហេ ធ្លាក់ចុះយ៉ាង ខ្លាំង និងធ្វើឲ្យមានមហាបាតុកម្មកើតឡើងនោះលោកស្រីបានសម្រេចប្រគល់អំណាច ឲ្យនាយករដ្ឋមន្ត្រីថ្មីដែលជ្រើសរើសដោយសភា។
នៅថ្ងៃទី៨ ខែវិច្ឆិកា ក្នុងជំនួបជាមួយលោកប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក ស្រី ផាក គឿនហេ បានបញ្ជាក់ប្រាប់ថា លោកស្រីសុខចិត្តប្រគល់តួនាទីឲ្យរដ្ឋសភាជាអ្នកតែងតាំងមនុស្សម្នាក់ថ្មីមកធ្វើជា នាយករដ្ឋមន្ត្រី ហើយបន្ថែមពីនេះទៀត លោកស្រីសុខចិត្តធ្វើការបែងចែកអំណាច ក្នុងការគ្រប់គ្រងរដ្ឋាភិបាលទៅឲ្យនាយក រដ្ឋមន្ត្រីថ្មីនោះផងដែរ។
សូមបញ្ជាក់ថា ជាទម្លាប់នៃការអនុវត្ត អំណាចប្រតិបត្តិនៅកូរ៉េខាងត្បូងមុខ តំណែងនាយករដ្ឋមន្ត្រីគ្រាន់តែជាតំណែងនិមិត្តរូបប៉ុណ្ណោះ ឯការដឹកនាំរដ្ឋាភិបាលស្ទើរតែទាំងស្រុងគឺស្ថិតក្នុងកណ្តាប់ដៃរបស់ ប្រធានាធិបតី។ ថ្វីបើមានការប្រកាសរបស់ លោកស្រី ផាក គឿនហេ នាពេលនេះក្តីក៏ គេមិនទាន់ដឹងថា លោកស្រីនឹងសុខចិត្ត បែងចែកអំណាចអ្វីខ្លះទៅឲ្យនាយករដ្ឋ មន្ត្រីនោះទេ ហើយក៏មិនបានបញ្ជាក់ថា នឹងប្រព្រឹត្តធ្វើទៅដោយរបៀបណាដែរ។
សូមរំលឹកថា លោកស្រី ផាក គឿនហេ ត្រូវបានមតិសាធារណៈ និងគណបក្ស ប្រឆាំងធ្វើការទាមទារឲ្យចុះចេញពីតំណែង បន្ទាប់ពីបានបែកធ្លាយរឿងអាស្រូវដែលគេចោទថា លោកស្រីស្ថិតក្រោមឥទ្ធិពលទាំងស្រុងរបស់មនុស្សស្រីម្នាក់ឈ្មោះ ឆយ ស៊ុនស៊ីល។ មនុស្សស្រីឈ្មោះ ឆយ ស៊ុនស៊ីល នេះត្រូវពាក្យចចាមអារ៉ាមចោទ ថា ជាមនុស្សចេះមន្តអាគម ហើយបាន ប្រើឈ្មោះលោកស្រី ផាក គឿនហេ ទៅ ដើរបោកប្រាស់ និងប្រមូលប្រាក់ពីក្រុមហ៊ុន ឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ យ៉ាង ណាមិញសមត្ថកិច្ចកូរ៉េខាងត្បូង ទើប តែបានចុះទៅឆែកឆេរ និងរឹបអូសភស្តុតាង នៅក្រុមហ៊ុន Samsung បន្ទាប់ពីមាន ការសង្ស័យថា ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំនេះបានផ្តល់ប្រាក់ដោយលួចលាក់ទៅឲ្យក្រុមហ៊ុនមួយដែលបង្កើតឡើងដោយលោក ស្រី ឆយ ស៊ុនស៊ីល និងកូនស្រីរបស់គាត់ ៕ ម៉ែវ សាធី