ប្រទេសក្រីក្រនិងប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ីបានរងផលប៉ះពាល់ខ្លាំង ជាងគេនៅលើពិភពលោកដោយសារតែ បម្រែបម្រួលអាកាសធាតុ។
នៅតំបន់អាស៊ីដែលអាចនិយាយបានថាជាកន្លែងផលិតកសិកម្មសម្រាប់ចិញ្ចឹមពលរដ្ឋនៅលើភពផែនដីក្នុងនោះមានស្រូវអង្ករជាដើមកំពុងតែប៉ះពាល់យ៉ាងខ្លាំងដោយ សារគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ ខ្លាំងនិងខ្យល់ព្យុះ។ ទាំងនោះហើយដែលអាចធ្វើឲ្យពិភពលោកប្រឈមនឹងកង្វះ ស្បៀងអាហារនៅពេលអនាគតដ៏ខ្លីខាងមុខ ប្រសិនបើមិនមានវិធានការទប់ស្កាត់ឲ្យបាន ទាន់ពេលវេលាទេនោះ។ គ្រោះធម្មជាតិនឹង ធ្វើឲ្យទិន្នផលកសិកម្មធ្លាក់ចុះមនុស្សជួបគ្រោះអត់ឃ្លានអាចឈានដល់ដំណាក់កាល ធ្វើសង្គ្រាមដណ្តើមអាហារគ្នាបរិភោគ។
ក្រៅពីតំបន់អាស៊ីគឺតំបន់អាហ្វ្រិកដែលជាអ្នករងគ្រោះខ្លាំងជាងគេ។ ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអាកាសធាតុនៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុកកាលពីថ្ងៃអង្គារមុននេះអង្គការ Germanwatch បានចុះផ្សាយរបាយការណ៍មួយ បង្ហាញថា ក្នុងចំណោមបណ្តាប្រទេសដែល រងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ប្រទេសជិតពាក់កណ្តាលជាប្រទេសដែលស្ថិតក្នុងទ្វីបអាហ្វ្រិក។
យោងតាមរបាយការណ៍ចុះផ្សាយដោយ អង្គការ Germanwatch បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុបានប៉ះពាល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកច្រើនជាងគេ។ ជា ទូទៅប្រទេសក្រីក្រ ច្រើនរងគ្រោះមុនគេ ដោយមហន្តរាយធម្មជាតិដូចជា ព្យុះសង្ឃរា ទឹកជំនន់ សីតុណ្ហភាពក្តៅខ្លាំង ឬក៏គ្រោះ រាំងស្ងួតជាដើម។ គ្រោះមហន្តរាយទាំងនេះមានការកើនឡើងដោយសារការកើន សីតុណ្ហភាពភពផែនដី។
ប៉ុន្តែជាប្រវត្តិសាស្ត្រប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឈន៍ទាំងនេះមិនមែនជាអ្នកទទួលខុសត្រូវឬបង្កការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ដើម្បីបំផ្លាញលក្ខខណ្ឌ អាកាសធាតុនោះទេ។ របាយការណ៍អង្គការ Germanwatch សិក្សាពីហេតុការណ៍ដែលបានកើតឡើងក្នុងប្រទេសចំនួន១៨០។ ក្នុងឆ្នាំ២០១៥ ១០ប្រទេសដែលរងផល ប៉ះពាល់ជាងគេមានម៉ូហ្សំប៊ិក ដូមីនិក ម៉ាឡាវី ឥណ្ឌា វ៉ាណាទូ មីយ៉ាន់ម៉ា បាហា ម៉ាស ហ្កាណា ម៉ាដាហ្កាស្កា និងឈីលី។ បើគិតសម្រាប់២ទសវត្សមកនេះវិញ ប្រទេស រងគ្រោះធ្ងន់ជាងគេមានហុងឌុយរ៉ាស មីយ៉ាន់ម៉ា និងហៃទី។ ចំណែកហ្វុីលីពីន បង់ក្លាដេស ប៉ាគីស្ថាន វៀតណាម និងថៃ ក៏រងផលវិបាកដោយសារបញ្ហាអាកាសធាតុ គួរឲ្យកត់សម្គាល់ដែរ។ ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០១៥ គ្រោះមហន្តរាយបង្កឡើង ដោយការប្រែប្រួលអាកាសធាតុបានសម្លាប់ មនុស្សជាងកន្លះលាននាក់ក្នុងពិភពលោកធ្វើឲ្យខាតបង់ជាទឹកប្រាក់បីរយម៉ឺនលាន ដុល្លារ៕ ម៉ែវ សាធី