ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ កត្តាអ្វីដែលធ្វើឲ្យលោកស្រីគ្លីនតុនបរា ជ័យ ចំណែក ដូណាល់ ត្រាំ ទទួលជ័យជម្នះក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦?

ចែករំលែក៖

តាមលទ្ធផលបណ្តោះអាសន្ននៅពេលនេះបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះ លើសលប់គឺលើសពីការរំពឹងទុកទៅទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ។ ក្នុងនោះលោក ត្រាំ អាច ទទួលបានអាសនៈរហូតដល់ទៅ២៩០ អាសនៈលើសពីតម្រូវការអាសនៈដើម្បី ក្លាយជាប្រធានាធិបតីដែលមានតែ២៧០ប៉ុណ្ណោះ។ ប៉ុន្តែលោក ត្រាំ ត្រូវរង់ចាំរហូត ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ទើប ក្លាយជាប្រធានាធិបតីជំនួសលោក បារ៉ាក់ អូបាម៉ា។

ជាមួយនឹងលទ្ធផលទាំងនោះគឺពិតជាមិនគួរឲ្យជឿដោយនៅមុនពេលបោះឆ្នោត និងពេលកំពុងបោះឆ្នោតរាល់ការវិភាគ ការស្ទង់មតិសុទ្ធតែបានបង្ហាញថា លោក ស្រី គ្លីនតុន មានឱកាសក្លាយជាប្រធានា ធិបតីដល់ទៅ៩០ភាគរយ តែទីបំផុតលោក ស្រីទទួលបានអាសនៈតែ២៣២ប៉ុណ្ណោះ។

ប៉ុន្តែនោះមិនទាន់ជាលទ្ធផលចុងក្រោយ នៅឡើយទេបើទោះបីគណបក្សសាធារណ រដ្ឋមានសំឡេងលើសលប់ក៏ដោយ។ លោក ដូណាល់ ត្រាំ ត្រូវរង់ចាំការបោះឆ្នោតពី តំណាងរាស្ត្រដែលជួបជុំគ្នានៅថ្ងៃទី១៧ ខែធ្នូដើម្បីបោះឆ្នោតជ្រើសរើសប្រធានា ធិបតី និងអនុប្រធានាធិបតី។ ក្រោយមក សភាអាមេរិកនឹងជួបប្រជុំដំបូងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដើម្បីសម្រេចជាលើក ចុងក្រោយ។ នៅពេលនោះបើលោក ត្រាំមានសំឡេងគាំទ្រគ្រប់គ្រាន់ពីតំណាង រាស្ត្រនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

កត្តាអ្វីដែលធ្វើឲ្យលោកស្រី គ្លីនតុន បរាជ័យ ចំណែក ដូណាល់ ត្រាំ ទទួលជ័យជម្នះក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦?

ការបោះឆ្នោតអាមេរិកឆ្នាំ២០១៦គឺជាការបោះឆ្នោតទទួលបានការចាប់អារម្មណ៍បំផុតពីមជ្ឈដ្ឋានជុំវិញពិភពលោកដោយសារតែស្ថានភាពពិភពលោកកំពុងតែក្តៅ គគុកនៅតំបន់ជាច្រើនដូចជាមជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកជាដើម ។

នៅពេលមុនការបោះឆ្នោតប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅអាមេរិកបានគាំទ្រលោក ស្រី ហ៊ីលឡារី គ្លីនតុន និងការស្ទង់មតិចុង ក្រោយក៏បានបង្ហាញឲ្យឃើញថា លោក ស្រី គ្លីនតុន មានសង្ឃឹមជាប់ជាប្រធានា ធិបតីអាមេរិក ។ ហេតុអ្វីពេលបោះឆ្នោតពិត ប្រាកដបែរជាចាញ់ទៅវិញ? តើកត្តាអ្វីដែល បណ្តាលឲ្យលោកស្រីគ្លីនតុនចាញ់លោក ដូណាល់ ត្រាំ?

កត្តាទី១ ៖ តាមទម្លាប់ក្នុងការដឹកនាំ របស់អាមេរិកដែលមានពីរគណបក្សកាន់ អំណាច ហើយនៅក្នុងគណបក្សមួយក្នុង ចំណោមពីរគឺមិនអាចកាន់តំណែងលើសពី២អាណត្តិនោះឡើយ។ ជាក់ស្តែងនៅ ពេល ប៉ុន្មានអាណត្តិចុងក្រោយនេះគឺអតីត ប្រធានាធិបតីប៊ីល គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យក៏កាន់តំណែងបានតែ២ អាណត្តិក៏ប្តូរទៅឲ្យគណបក្សសាធារណ រដ្ឋវិញដែលមានលោកប៊ូសជាប្រធានាធិបតី។ ២អាណត្តិក្រោយមកពលរដ្ឋអាមេរិកក៏បាន ប្តូរបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យដែលមានលោក អូបាម៉ា ជាប្រធានាធិបតី ដឹកនាំវិញម្តង។ ដូច្នេះពេលនេះការប្តូរទៅឲ្យគណបក្សសាធារណរដ្ឋដឹកនាំវិញគឺជារឿងមួយមិនមានអ្វីប្លែកឡើយ។

កត្តាទី២ ៖ ពលរដ្ឋអាមេរិកគឺជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសបិតាប្រជាធិបតេយ្យ ដូច្នេះពួកគាត់មិនចង់ឃើញគោលនយោបាយដឹកនំាអាមេរិកដដែលមិនមានការ ផ្លាស់ប្តូរនោះឡើយ។ ប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតនយោបាយមួយចំនួន របស់លោក អូបាម៉ា ក៏ដូចជានយោបាយ ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់អាមេរិកមិនមានការផ្លាស់ប្តូរនោះឡើយគឺអាចបន្តដូចដើមជាង៥០ភាគរយ។ ទាំងនោះមិនមែនជាការចង់បានរបស់ពលរដ្ឋអាមេរិកដែលត្រូវជួបនឹងបញ្ហាដដែលៗថែមមួយអាណត្តិទៀតនោះទេ។ ដូច្នេះ ពលរដ្ឋអាមេរិកសម្រេចឲ្យគណបក្សសាធារណរដ្ឋដឹកនាំវិញម្តងបើទោះបីបេក្ខភាពប្រធានាធិបតីមានឥរិយាបថមិនសមរម្យ មិនមានបទពិសោធន៍នៅក្នុងការដឹកនាំ ឆាកនយោបាយក៏ដោយ។ ការប្តូរគណ បក្សដឹកនាំមានន័យថា ប្តូរនយោបាយដឹក នាំទាំងស្រុង ។

នៅពេលនេះក្តីស្រមៃក្លាយជាប្រធានា ធិបតីស្រីរបស់អាមេរិកត្រូវបាត់បង់ ហើយអាចបាត់បង់ជារៀងរហូតសម្រាប់លោកស្រីគ្លីនតុនក៏ដូចជាពលរដ្ឋអាមេរិកដោយ នៅពេលនេះអាមេរិកមិនមានស្ត្រីនយោ បាយរូបណាដែលឆ្នើមដូចលោកស្រី គ្លីន តុនឡើយអាចប្រជែងតំណែងប្រធានាធិបតី អាមេរិក។ ពលរដ្ឋអ្នកគាំទ្រលោកស្រីបានស្រែកទ្រហោយំចំពោះការបរាជ័យដែល នឹកស្មានមិនដល់ក្រោយរយៈពេលជាច្រើន ខែឱបជាប់ក្តីសង្ឃឹមជានិច្ចនោះ។

នៅពេលនេះដែរលោកស្រី គ្លីនតុន បានទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន ហើយ ជូនពរដល់លោក ត្រាំ ផងដែរ។

លោក បារ៉ាក់ អូបាម៉ា ៖ ទោះបីជាមាន រឿងអ្វីកើតឡើងក៏ដោយក៏ព្រឹកស្អែកនេះព្រះអាទិត្យនៅតែរះព្រះអាទិត្យនឹងនៅតែរះនៅព្រឹកស្អែកបើទោះបីជាលទ្ធផលបោះឆ្នោតកំណត់ថានរណាជាអ្នកឈ្នះក៏ដោយរវាងលោកស្រី ហ៊ីលឡារី គ្លីនតុន នឹងលោក ដូណាល់ ត្រាំ។ នេះគឺជាការលើកឡើង របស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅក្នុងសារវីដេអូ មួយផ្ញើជូនជនរួមជាតិអាមេរិកដែលចុះ ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៦ ។

ថ្លែងនៅក្នុងសុន្ទរកថាបង្ហោះលើ Twitter លោក អូបាម៉ា បានលើកឡើងដូច្នេះថា «បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏ស្អែកព្រឹកព្រះអាទិត្យនៅតែរះ ហើយសហរដ្ឋអាមេរិកនៅតែជាមហាអំណាចនៅលើពិភពលោក»។ ជាមួយគ្នានោះដែរលោក អូបាម៉ា បន្ថែមថា «យើងអាចទទួលយក បានតែមួយគត់នោះគឺការសហការគ្នានិងមួយវិញទៀតយើងមិនគួរចាត់ទុកថា អ្នកនេះជាអ្នកសាធារណរដ្ឋឬក៏អ្នកនោះជាអ្នកប្រជាធិបតេយ្យឡើយ ប៉ុន្តែសុទ្ធតែប្រជា ជនអាមេរិកថ្វីបើបេក្ខជនដែលខ្លួនគាំទ្រឈ្នះឬចាញ់»។

គួរបញ្ជាក់ថា បើតាមលោក អូបាម៉ា ការប្រកួតប្រជែងគ្នារវាងលោកស្រី គ្លីនតុន នឹងលោក ត្រាំ បង្ហាញពីប្រជាធិបតេយ្យ អាមេរិកដែលនេះហើយនឹងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខ្លំាង។ ពេលនេះលទ្ធផលបានបង្ហាញយ៉ាងច្បាស់ហើយថា លោក ដូណាល់ ត្រាំ ជាអ្នកឈ្នះដោយបានទទួលសំឡេងនាំមុខដាច់ឆ្ងាយពីលោកស្រី ហុីល ឡារី គ្លីនតុន៕ ម៉ែវ សាធី

លោកបារ៉ាក់ អូបាម៉ា និងលោកស្រីហ៊ីលឡារី គ្លីនតុន

លោកបារ៉ាក់ អូបាម៉ា និងលោកស្រីហ៊ីលឡារី គ្លីនតុន


ចែករំលែក៖