ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជាប៉ាគីស្ថានសម្លាប់មនុស្ស៥២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស

ចែករំលែក៖

ការបំផ្ទុះគ្រាប់បែកមួយប្រកាសទទួលស្គាល់ដោយក្រុមរដ្ឋអិស្លាម IS បានធ្វើឲ្យកក្រើកញាប់ញ័រនៅទីតាំងសក្ការបូជារបស់ក្រុមមូស្លីមប៉ាគីស្ថានកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងតិច៥២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។

ប្រភពពីមន្ត្រីបានបញ្ជាក់ថា ការវាយប្រហារបានកើតឡើងនៅទីសក្ការបូជា Shah Noorani ខណៈដែលមនុស្សរាប់រយនាក់បាននិងកំពុងស្ថិតនៅក្នុងទីនោះ ។ លោក Hashim Ghalzai អភិបាលស្រុកគ្រប់គ្រងក្នុងតំបន់និយាយថា មនុស្ស៥២នាក់បានស្លាប់ និងជាង១០៥នាក់ផ្សេងទៀតរងរបួស ។

អ្នកថែរក្សាទីសក្ការបូជាម្នាក់ ឈ្មោះ Nawaz Ali បានប្រាប់ប្រភពព័ត៌មានថា រាល់ថ្ងៃ អំឡុងពេលថ្ងៃរៀបលិច មានពិធីបុណ្យសាសនា Dhamaal នៅទីនេះ មនុស្សម្នាច្រើនកុះករបានមកចូលរួម ។

ទីតាំងសក្ការបូជាងខាងលើ ស្ថិតនៅក្នុងខេត្ត Baluchistan ប្រហែល១០០ម៉ែត្រភាគខាងជើងរដ្ឋធានីកំពង់ផែ Karachi ។ ក្រុមជួយសង្គ្រោះបានរូតរះសម្រុកចូលទៅកាន់កន្លែងកើតហេតុ ជួយអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ រថយន្តសង្គ្រោះបន្ទាន់២៥គ្រឿងត្រូវចល័តដឹកជនរងគ្រោះ រីឯកងកម្លាំងទាហានក៏ត្រូវបញ្ជាឲ្យចូលរួមផ្តល់ការជួយសង្គ្រោះផងដែរ ។

គេនៅមិនទាន់ប្រាកដថា ករណីបំផ្ទុះនេះជាការបំផ្ទុះដោយអត្តឃាត ឬបង្កប់ឧបករណ៍ជាតិផ្ទុះ ប្រើឧបករណ៍ពីចម្ងាយនោះឡើយ ។ ក្នុងខេត្តខាងលើនេះ កើតមានការវាយប្រហារពីក្រុមរដ្ឋអិស្លាមញឹកញាប់ ក្នុងរយៈពេលចុងក្រោយនេះ ។

ទីភ្នាក់ងារព័ត៌មាន Amaq បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអិស្លាម អះអាងថា ការវាយប្រហារនោះជាការទទួលខុសត្រូវរបស់ក្រុមខ្លួន ។ ក្រុម IS ក៏បានប្រកាសទទួលស្គាល់ការវាយប្រហារនៅសាលារៀនយោធាកាលពីខែមុនដែលសម្លាប់មនុស្ស៦០នាក់ផងដែរ ។

ទីតាំងសក្ការរបស់ក្រុម មូស្លីម តែងតែជាគោលដៅរបស់ក្រុមឧទ្ទាមអិស្លាមដែលប្រកាន់ច្បាប់រឹងរ៉ឹងជ្រុលនិយម ៕ ថាច់ យ៉ាត

 

as ase s se


ចែករំលែក៖