អតីតតារាបាល់ទាត់ឆ្នើមរបស់អង់គ្លេស David Beckham បានក្លាយជាកីឡាករចូលនិវត្តន៍ដែលរកចំណូលបានខ្ពស់បំផុតលំដាប់ទី២លើពិភពលោក។ នេះបើយោងតាមទស្សនាវដ្ដី The Sun ចេញផ្សាយនាពេលថ្មីៗនេះ ។
កីឡាករ David Beckham ត្រូវបានគេចុះផ្សាយថា អាចរកចំណូលបាន១១,១លានផោន ស្មើនឹងជិត១៤លានដុល្លារ តាមរយៈតំណាងក្រុមហ៊ុនផ្សព្វផ្សាយផលិតផលផ្សេងៗចាប់ពីស្រាបៀររហូតដល់ខោទ្រនាប់ ។ ក្រុមហ៊ុននេះបានបង់ពន្ធអស់ ២,៩លានដុល្លារ ហើយប្រាក់ចំណូលសល់ពីការចំណាយផ្សេងៗ ១១លានដុល្លារគឺជារបស់ Beckhem។ របាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនរបស់តារាល្បីរូបនេះជាម្ចាស់ភាគហ៊ុនតែម្នាក់គត់ អាចរកចំណូលបាន១៨លានដុល្លារក្នុងឆ្នាំ២០១៥។ Beckham ក៏មានចំណូលខ្ពស់លើកិច្ចសន្យាជាមួយក្រុមហ៊ុន Fashion ល្បីៗដូចជាក្រុមហ៊ុន Kent & Curwen បានចំណាយសម្រាប់រូបគាត់រហូតដល់៧លានដុល្លារក្នុងមួយឆ្នាំ។
អតីតតារាបាល់ទាត់ឆ្នើមរបស់ក្រុម Manchester United នៅតែបន្តរកបានប្រាក់រាប់លានដុល្លារជាប្រចាំ បើទោះជាបានចូលនិវត្តន៍តាំងពីឆ្នាំ២០១៣ក៏ដោយ ។ អ្នកដែលអាចរកចំណូលនាំមុខតារារូបនេះគឺមានតែអតីតកីឡាករបាល់បោះ Michael Jordan ប៉ុណ្ណោះដែលអាចរកបាន ៨៧លានដុល្លារ ខណៈដែល Jordan ចូលនិវត្តន៍តាំងពីឆ្នាំ២០០៣ ។
តាមការសន្និដ្ឋានរបស់អ្នកវិភាគឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ប្ដីប្រពន្ធ Beckhem សរុបចូលគ្នាអាចមានប្រមាណ៦៤០លានដុល្លារអាមេរិក ដែលច្រើនជាងទ្រព្យសម្បត្តិម្ចាស់ក្សត្រិយ៍របស់អង់គ្លេសទៅទៀត ៕